(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការសហគ្រិនខ្មែរ (KE) ដោយមានការចូលរួម ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, សមាគមពាណិជ្ជកម្ម, ក្រុមហ៊ុនវិនិយោគ, សហគ្រិន, សហគ្រាសធុនតូច និងមធ្យម ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។

សហគ្រិនជ័យលាភីចំនួន២៧ ដែលទទួលបានកញ្ចប់ជំនួយពីសហគ្រិនខ្មែរឆ្នាំ២០២៣ បានឆ្លងកាត់ការវាយតម្លៃដាក់ពិន្ទុ ប្រកបដោយវិជ្ជាជីវៈ, សុក្រិតភាព, សុចរិតភាព និងតម្លាភាព ក្នុងចំណោមបេក្ខភាព ចូលរួមចំនួន២៦៥សហគ្រាសមកពី២៥ រាជធានី-ខេត្ត ដោយគណៈកម្មការដែលមានសមាភាពចំរុះចំនួន១៦រូប មកពីដៃគូអភិវឌ្ឍន៍, ធនាគារ, ក្រុមហ៊ុនវិនិយោគ, គ្រឹះស្ថានឧត្តមសិក្សា និងម្ចាស់ក្រុមហ៊ុនជោគជ័យ ក្នុងអាជីវកម្មមួយចំនួនទៀត។

លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ដល់សហគ្រិនខ្មែរ ដែលបានរៀបចំកម្មវិធីប្រគល់កញ្ចប់ជំនួយ ដ៏មានសារៈសំខាន់នេះជាលើកទី៣ ក៏ដូចជាសមិទ្ធផលការងារជាច្រើន ដែលសហគ្រិនខ្មែរខិតខំសម្រេចបានក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ក្នុងការចូលរួមចំណែកផ្តល់ការគាំទ្រ ដល់សហគ្រិន, សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី។

លោកបានបន្តថា សមិទ្ធផលទាំងនេះ បានលើកកិត្តិនាមសហគ្រិនខ្មែរ ដែលជាស្ថាប័នរដ្ឋ តែធ្វើប្រតិបត្តិការតាមរបៀបវិស័យឯកជន ឲ្យកាន់តែទទួលបាននូវការទទួលស្គាល់ ពីក្រសួងស្ថាប័ននានាក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាក្នុងចំណោមបណ្តាញអាជីវករ និងធុរជន ក្នុងវិស័យឯកជន ព្រមទាំងដៃគូបរទេសផងដែរ។ លោកបានបន្តថា កាលពីពេល មុន, ដើម្បីធ្វើកិច្ចការនេះ គឺយើងត្រូវតែពឹងបរទេស ប៉ុន្តែពេលនេះ គឺយើងខ្មែរយើងអាចធ្វើវាដោយខ្លួនឯងបាន។

លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ការផ្តល់កញ្ចប់ជំនួយនេះ គឺជាផ្នែកមួយ ក្នុងចំណោម មុខងារចម្បងទាំង៤ របស់សហគ្រិនខ្មែរ ពោលគឺការបង្កើនសមត្ថភាពដល់សហគ្រិន, ការតភ្ជាប់បណ្តាញ សហគ្រិនក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព, ការលើកកម្ពស់វប្បធម៌សហគ្រិនភាព និងការផ្តល់ជំនួយ ថវិកាគាំទ្រ ទាំងជាកញ្ចប់ជំនួយ (Assistance package) និងទុនអាជីវកម្ម (Seed money) ដែលអាច មានទាំងទុនវិនិយោគរួមគ្នា (Co-Investment) ផងដែរទៅថ្ងៃមុខ។

លោកបានបន្តថា ការផ្តល់កញ្ចប់ ជំនួយនេះ ក៏បានឆ្លុះបញ្ចាំងពីអន្តរាគមន៍ដ៏សកម្ម និងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រិន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដែលកំពុងប្រឈម នឹងបញ្ហាហិរញ្ញវត្ថុ និងបញ្ហាលំបាកផ្សេងៗទៀត ប៉ុន្តែមានសក្តានុពលក្នុងការពង្រីកធុរកិច្ច ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។ ប៉ុន្តែកញ្ចប់ជំនួយនេះ គឺជាការផ្តល់តែមួយដង មិនមែនរហូតទេ ដើម្បីកុំឲ្យប៉ះពាល់ដល់គោលការណ៍ទីផ្សារ សំដៅធ្វើយ៉ាងណាឲ្យសហគ្រាសអាចបន្តរស់បានក្នុងពេលលំបាក និងកាន់តែរីកចម្រើនធំធាត់ក្រោយពេលវិបត្តិ និងក្លាយជាអ្នកបង់ពន្ធទៅថ្ងៃមុខ។

ក្នុងនោះ ក៏មានកម្មវិធីជាពិសេសចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលមានសក្កានុពលនាំចេញទំនិញខ្មែរ ទៅកាន់ទីផ្សារក្រៅប្រទេស ដើម្បី ចាប់យកឱកាសពីក្របខណ្ឌកិច្ច ព្រៀមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយចិន, កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀតក្រៅក្របខណ្ឌទាំងនេះ។ នេះជាការបញ្ជាក់បន្ថែម របស់លោក វង្សី វិស្សុត។

លោកបន្តថា ឱកាសក្នុងការនាំចេញទៅទីផ្សារខាងលើនេះ មិនមែនសម្រាប់តែក្រុមហ៊ុនធំៗនោះទេ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម ក៏មានលទ្ធភាពដែរ តាមរយៈផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវ៉ាក់តម្លៃតំបន់ និងពិភពលោក ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងធុរកិច្ចឌីជីថល ក៏ដូចជា ភាពប្រសើរឡើងនៃប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។ លោក វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូ ក្នុងកិច្ចអភិវឌ្ឍ និងជាក្បាលម៉ាស៊ីននៃកំណើន ព្រមទាំងជាអ្នកបង្កើតទ្រព្យធន, តម្លៃបន្ថែម, ការងារ, ប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងសេដ្ឋកិច្ច។

លោកបានបន្តថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងធំ ក្នុងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា និងយន្តការការបែងចែកឡើងវិញ នូវប្រាក់ចំណូលជាតិ (Mechanism for Redistribution of National Income) តាមរយៈការបង់ពន្ធ ព្រមទាំងការបង្កើតការងារ និងប្រាក់ចំណូលរបស់ប្រជាជន។ តាមការសិក្សាស្រាវជ្រាវជាអន្តរជាតិ, វិស័យឯកជនមានសមត្ថភាពបង្កើនប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងសេដ្ឋកិច្ចខ្ពស់ជាងវិស័យសាធារណៈ។

ឈរលើស្មារតីនេះ, លើសពីសហគ្រិនខ្មែរ, រាជរដ្ឋាភិបាលក៏បានកសាង និងអភិវឌ្ឍន៍ស្ថាប័នផ្សេងៗជាបន្តបន្ទាប់ ដើម្បីកសាង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីលើកទឹកចិត្តកូនខ្មែរឲ្យចេះ និងចង់ធ្វើធុរកិច្ច ក៏ដូចជាដើម្បីផ្តល់ការគាំទ្រដល់សហគ្រិន, សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដូចជា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ, សាជីវកម្មធានាឥណទានកម្ពុជា, ធនាគារសហគ្រាសធុនតូចនិងមធ្យម, ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ និងប្រព័ន្ធ CamDX សម្រាប់ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាដើម -ល-។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានចូលរួមអបអរសាទរដល់ជ័យលាភី និងសូមលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឲ្យបន្តខិតខំអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ព្រោះកម្ពុជាត្រូវការជាចាំបាច់ នូវសហគ្រិនឆ្នើម និងវិស័យឯកជនដែលខ្លាំងពូកែ។ កម្ពុជាចង់ឃើញ កម្លាំងវិស័យឯកជនរបស់យើងអាចងើបឈរឡើង ដោយរឹងមាំ ដោយស្មើភាព ដើម្បីអាចប្រជែងជាមួយប្រទេសដទៃ ព្រមទាំងអាចរីកលូតលាស់ដល់កម្រិតតំបន់ និងអន្តរជាតិទៅថ្ងៃមុខ។

លោកបានលើកទឹកចិត្ត ដល់សហគ្រិនទាំងអស់ ប្រែក្លាយការគ្រប់គ្រងអាជីវកម្មពីបែបគ្រួសារ មកបែបសាជីវកម្ម ឬបោះទុនវិនិយោគរួមគ្នា, ហ៊ានប្រកួត ប្រជែង និងទទួលយកនូវហានិភ័យ ដោយមានការសិក្សាទីផ្សារច្បាស់លាស់, ស្គាល់វដ្តសេដ្ឋកិច្ច, មិនធ្វើធុរកិច្ចតាមគ្នា, ចេះសម្របខ្លួន, ចេះសម្លឹងឱកាស, ចេះចាប់យកឱកាស ពិសេសត្រូវចេះប្រើប្រាស់ និងចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើតនូវផលិតផល និងសេវាកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលនាំមកនូវផលិតភាពខ្ពស់, ការបង្កើតការងារ និងបង្កើតតម្លៃបន្ថែមកាន់តែច្រើន ថែមទៀតដល់សេដ្ឋកិច្ច។ ទន្ទឹមនេះ សហគ្រិនត្រូវចេះបណ្តុះទស្សនៈ, ផ្នត់គំនិត, គុណតម្លៃ និងការទទួលខុសត្រូវចំពោះសង្គមផងដែរ។

គួរបញ្ជាក់ដែរថា កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ២០២៣ នេះ ផ្តល់ជូនដល់សហគ្រិនជ័យលាភីចំនួន ២៧ និងលើកទឹកចិត្តចំនួន ១៥ ដែលមានទឹកប្រាក់សរុបស្មើនឹង ៣៤២ ៣៥៤ ដុល្លាអាមេរិក។ ក្នុងការអនុវត្តរយៈពេល ៣ឆ្នាំ កន្លងមក សហគ្រិនខ្មែរបានផ្តល់ជូនថវិការគាំទ្រសរុបដល់សហគ្រិនប្រមាណ ៤០៤ សហគ្រាស ដែលទំហំទឹកប្រាក់សរុបស្មើនឹង ២ ៤៣៦ ០០០ ដុល្លាអាមេរិក៕