(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់សិស្សានុសិស្ស ជាង៧០០នាក់ នៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត បានលើកយកនូវចំណុចសំខាន់ៗចំនួន៣ មកធ្វើការផ្សព្វផ្សាយស្របតាមលក្ខណសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រួមមាន៖
១. អំពីបញ្ហាក្មេងទំនើង ជាពិសេសក្មេងទំនើងនៅក្នុងសាលា
២. អំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
៣. អំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះគុណបំណាច់ និងការលះបង់ ក៏ដូចជាតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់លោកគ្រូអ្នកគ្រូ លោកអភិបាលស្រុកតាំងគោកក៏បានលើកឡើងផងដែរថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។
លោកបានបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត គឺជាការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគឺជាការវិនិយោគលើសន្តិសុខរបស់ប្រទេស។
លោក ហាក់ ម៉ុងហួត ស្នើឲ្យសិក្សានុសិស្សខិតខំប្រឹងប្រែងមានសូត្ររៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនទៅជាមនុស្សមួយដែលមានសមត្ថភាពពិតប្រាកដសម្រាប់អភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន៕