(បាត់ដំបង)៖ អង្គការទឹកភ្លៀងកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តចំនួន៣ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តមានជ័យ បានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងគម្រោងស្តីពីការធ្វើឲ្យប្រសើឡើងនូវសុខភាពប្រជាពលរដ្ឋភាគពាយព្យនៃប្រទេស តាមរយៈការពង្រឹងសមត្ថភាពផ្នែកទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាព និងសហគមន៍ នាព្រឹថ្ងៃទី២៣ ​ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ទីន សារ៉ាវុធ អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

លោក ទីន សារ៉ាវុធ បានឱ្យដឹងថា សេវាទឹកស្អាត និងអនាម័យក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព មានសារៈសំខាន់សម្រាប់លើកកម្ពស់គុណភាពនៃការថែទាំនៅក្នុងបរិបទនៃការគ្របដណ្តប់សុខភាពជាសកល។ លើសពីនេះទៀត ការកែលម្អ និងថែរក្សាសេវាទឹកស្អាត និងអនាម័យនៅក្នុងមូលដ្ឋាន ព្យាបាល និងថែទាំសុខភាព ជាធាតុផ្សំដ៏សំខាន់បំផុតមួយដើម្បីសម្រេចបាននូវគោលដៅសុខភាពទាក់ទងនឹងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ និងសុខភាពមាតា ទារក និងកុមារ។

លោកបន្តទៀតថា អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ រួមជាមួយនឹងដៃគូអភិវឌ្ឍសុខាភិបាល និងដៃគូទឹកស្អាត និងអនាម័យនៅទូទាំងពិភពលោក បានប្ដេជ្ញាចិត្តចំពោះចក្ខុវិស័យ៖ នៅឆ្នាំ២០៣០ រាល់មូលដ្ឋាន ព្យាបាល និងថែទាំសុខភាពទាំងអស់នៅគ្រប់ទីកន្លែង មានសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកស្អាត និងអនាម័យ ប្រកបដោយសុវត្ថិភាព និងការអនុវត្តដើម្បីបំពេញតម្រូវការរបស់បុគ្គលិក និងអ្នកជំងឺ ក្នុងគោលបំណងផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាព និងសុវត្ថិភាពដល់ប្រជាជន។

ក្នុងនោះដែរ គម្រោងការធ្វើឱ្យប្រសើឡើងនូវសុខភាពប្រជាពលរដ្ឋភាគពាយព្យនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពផ្នែកទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាព និងសហគមន៍ ដែលអង្គការទឹកភ្លៀងកំពុងអនុវត្តក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ក្រោមជំនួយពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈអង្គការខេអេចអេ (KHA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាព។

ក្នុងនោះមានមណ្ឌលសុខភាពចំនួន៥០ដែលមាននៅខេត្តបាត់ដំបងចំនួន១៩ មណ្ឌលសុខភាព ខេត្បន្ទាយមានជ័យចំនួន២១មណ្ឌលសុខភាព និងខេត្តឧត្តរមានជ័យចំនួន១០មណ្ឌលសុខភាព ត្រូវបានកែលម្អ និងបន្ថែមបរិក្ខាទឹកស្អាត និងអនាម័យ អោយស្របទៅនឹងគោលការណែនាំថ្នាក់ជាតិស្តីពី ទឹកស្អាត និងអនា
ម័យនៅតាមមូលដ្ឋានព្យាបាលនិងថែទាំសុខភាព។ ក្រៅពីនេះអង្គការទឹកភ្លៀងកម្ពុជា បានផ្តល់សម្ភារៈសម្រាប់កែលម្អប្រព័ន្ធត្រងទឹកភ្លៀងលក្ខណៈគ្រួសារទៅដល់គ្រួសារក្រីក្រ ក្នុងភូមិអទិភាពនៃមណ្ឌលសុខភាពគោលដៅ ដើម្បីទទួលបាននូវទឹកស្អាតប្រើប្រាស់ប្រកបដោយសមធម៌៕