(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រារព្ធពិធីអបអរសាទរខួបទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជា ២៣ មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជាសរុបចំនួន៧៣៣នាក់។
លោក អ៊ុំ រាត្រី បានឱ្យដឹងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឲ្យកាន់តែស៊ីជម្រៅ មួយកម្រិតថែមទៀតរវាងក្រុមការងារសហគមន៍អតីតយុទ្ធជនជាមួយនឹងបងប្អូនអតីតយុទ្ធជនបានយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួមដោះស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ។
លោកថ្លែងអំណរគុណដល់ក្រុមការងារសហគមន៍តីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់កន្លងមក ក្នុង ការតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិននាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត។
លោក អ៊ុំ រាត្រី បានបន្ថែមថា សន្តិភាពដែលអតីតយុទ្ធជនទាំងអស់គ្នាបានចូលរួមកសាងនេះធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានជោយជ័យជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឲ្យបានរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា។
ក្នុងឱកាសនេះ លោក អ៊ុំ រាត្រី ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនអតីតយុទ្ធជនចំនួន៧៣៣នាក់នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕