(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយក នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺនមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចេញមកច្រានចោលការចោទប្រកាន់ថា លោកជាអ្នកបញ្ជាពីក្រោយខ្នង ផ្តល់លុយកាក់ មធ្យោបាយ សម្ភារផ្សេងៗ ឱ្យប្រជាពលរដ្ឋកាប់ឆ្ការដីព្រៃរាប់ម៉ឺនហិកតានៅតំបន់អូរតាកាវ ក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពុំមានភស្តុតាងទាល់តែសោះ។
ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ការចុះផ្សាយព័ត៌មានមិនពិតនោះ បានចោទខ្ញុំថា ខ្ញុំជាអ្នកបញ្ជាពីក្រោយខ្នង ផ្តល់លុយកាក់ មធ្យោបាយ សម្ភារៈផ្សេងៗ ឱ្យប្រជាពលរដ្ឋកាប់ឆ្ការដីព្រៃរាប់ម៉ឺនហិកតា នៅតំបន់អូរតាកាវ ក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពុំមានភស្តុតាងទាល់តែសោះ ព្រោះខ្ញុំពុំមានដីនៅក្នុងតំបន់នោះទេ»។
ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ បានអះអាងថា៖ «ផ្ទុយមកវិញ ខ្ញុំសូមប្រកាសថា បើអស់លោកបង្ហាញភស្តុតាងច្បាស់លាស់ ថាខ្ញុំបានប្រព្រឹត្តអំពើទាក់ទងទៅនឹងការកាប់រានដីព្រៃ បញ្ហាពីក្រោយខ្នង ផ្ដល់លុយកាក់ មធ្យោបាយ សម្ភារៈផ្សេងៗ ឱ្យប្រជាពលរដ្ឋប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងតំបន់ខាងលើពិតប្រាកដដូចការចុះផ្សាយសារព័ត៌មានរបស់អស់លោក ខ្ញុំសូមប្រគល់ខ្លួនជូនស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់»។
ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ ក៏បានស្នើដល់ម្ចាស់ផេកព័ត៌មានដែលបានចុះផ្សាយព័ត៌មានមិនពិតអំពីលោក កាលពីថ្ងៃទី០៣ និងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នោះធ្វើការផ្សាយកែតម្រូវព័ត៌មានឡើងវិញ។ ពីព្រោះអស់ការផ្សាយព័ត៌មានដោយគ្មានការពិត ក្នុងចេតនាមួលបង្កាច់ដល់រូបលោកដែលជាមន្ត្រីយោធា០១រូប បានធ្វើឱ្យសាធារណៈជនមានការភ័ន្តច្រឡំ និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោក៕