(ព្រៃវែង)៖ ក្រោមមានការសម្របសម្រួលរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្រុមគ្រូពេទ្យជាច្រើននាក់មកពីបណ្ដាខេត្តនានាទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៤ ជាមួយការចុះសិក្សាស្វែងយល់អំពីគុណតម្លៃនិងគម្រោងផែនការរយៈពេលវែងនៅរមណីយដ្ឋានសុខារាវី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សកម្មភាពនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ក្រុង ជាច្រើនរូបផងដែរ។
បើតាមតំណាងក្រុមគ្រូពេទ្យដែលទទួលវគ្គបណ្ដុះបណ្ដាលនេះបានឲ្យដឹងថា ក្រុមគ្រូពេទ្យមកពីបណ្ដាខេត្តនានាជាច្រើននាក់បានចុះសិក្សាស្វែងយល់អំពីគុណតម្លៃនិងគម្រោងផែនការរយៈពេលវែងនៅរមណីយដ្ឋានសុខារាវី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងការអភិវឌ្ឍភូមិខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ សុខមាលភាព សង្គមសេដ្ឋកិច្ច បរិស្ថាន ជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ ការផ្លាស់ប្ដូរជាវិជ្ជមានផ្តើមចេញពីការយល់ដឹង និងភាពវ័យឆ្លាតរបស់បុគ្គល ការធ្វើការជាក្រុម និងការមានប្រព័ន្ធដឹកនាំ និងគ្រប់គ្រងដើម្បីថែរក្សានិងធ្វើឱ្យអង្គភាពកាន់តែរីកចម្រើន។
បន្ថែមលើសពីនេះក៏ទទួលបាននូវចំណេះដឹងថ្មីៗអំពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំរបស់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ ដែលជាអ្នកសម្របសម្រួល និងជាគ្រូបង្គោលនៅក្នុងកម្មវិធីនេះផងដែរ។
លោកគ្រូ អៀង សុធារ៉ា បានថ្លែងថា កម្មវិធីនេះមាន៤វគ្គមកហើយ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ វេជ្ជបណ្ឌិតត្រូវបានទទួលវគ្គបណ្ដុះបណ្ដាល ហើយមកទីនេះគឺបានរៀន៣ចំណុចសំខាន់៖ ទី១-បានឃើញពិតជាក់ស្ដែងនៅការរៀបចំនៅរមណីយដ្ឋានភូមិសុខារាវី ដែលជារមណីយដ្ឋានរមណីយជីវិត ដែលធ្វើឲ្យជីវិតយើងមានភាពសប្បាយរីករាយ មនោរម្យ ហើយលោកគ្រូ អ្នកគ្រូពេទ្យមកដល់ទីនេះអាចច្បិចយកចំណុចល្អៗ ដោយមានដើមឈើជាច្រើនត្រូវបានដាំរាប់ម៉ឺនដើម និងមានពាក្យស្លោកល្អៗស្អាត អត់មានសំរាម រចនាបទជាខ្មែរ ផ្ទះខ្មែរ ម្ហូបអាហារខ្មែរ បរិស្ថានល្អ ដែលជាផ្នែកមួយនៃការការពារជំងឺផ្សេងៗផងដែរ
លោកបានបន្តថា ចំណុចទី២-នៅក្នុងមេរៀនក៏បានរំលេចឲ្យក្រុមគ្រូពេទ្យដែលបានមករៀននៅទីនេះ ក្លាយទៅជាអ្នកដឹកនាំល្អតាមបែបព្រះពុទ្ធសាសនាឱ្យពួកគាត់យល់ថា នៅក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះដែលអាចចាប់យកឱ្យក្លាយទៅជាអ្នកដឹកនាំល្អ ហើយអ្នកដឹកនាំត្រូវដោយមានព្រហ្មវិហារធម៌ យុត្តិធម៌ និងជាអ្នកដឹកនាំដែលវាងវៃដោយចេះការពារទុកជាមុននៅភាពមិនទៀងទាត់ ឬមហន្តរាយដែលកើតឡើងដែលពួកគាត់អាចទប់ទល់បាន។
លោកបានបន្តទៀតថា ចំណុចទី៣៖ នៅពេលដែលក្លាយជាអ្នកដឹកនាំល្អហើយនៅក្នុងអាណត្តិរបស់ខ្លួនក្នុងការដឹកនាំ ដើម្បីឲ្យស្ថាប័ននីមួយៗដែលកំពុងគ្រប់គ្រងនោះឲ្យទៅជាមន្ទីរសុខាភិបាល ជាមន្ទីរពេទ្យបង្អែក ជាមណ្ឌលសុខភាព មានភាពល្អ ប្រសើរឡើង ដោយប្រសើរទាំងបរិស្ថាន ដើមឈើល្អច្រើន មានផ្កា សួនច្បារ ដែលជាការទាក់ទាញមួយសម្រាប់ប្រជាពលរដ្ឋក៏ដូចជាអ្នកជំងឺដែលទៅរកសេវា ចំពោះគុណភាពសុខាភិបាល ប្រជាជន នឹងទទួលបាន ទាំងសេវាល្អជាងមុន លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមានសុជីវធម៌ ក្រមសីលធម៌ គុណធម៌ បច្ចេកទេសក្នុងការព្យាបាលកាន់តែល្អ ជាពិសេសមានព្រហ្មវិហារធម៌ គឺមានមេត្តា ករុណា មុទិតា ឧបេក្ខាប្រសើរឡើងថែមទៀត។
លោកគ្រូ អៀង សុធារ៉ា បានបញ្ជាក់ថា មុននឹងសិក្សាវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការធ្វើសមាធិក្នុងរយៈពេលខ្លី ដើម្បីឲ្យចិត្តយើងជ្រះថ្លាអារម្មណ៍ល្អក្នុងការសិក្សារៀនសូត្រឲ្យទទួលបានចំណេះដឹងថ្មីៗ បន្ថែមទៀតដើម្បីយកទៅអនុវត្តក្នុងការដឹកនាំអង្គភាព និងគ្រួសាររៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរមណីយដ្ឋានសុខារាវីដែលស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះ បង្កើតឡើងដោយកូនខ្មែរ ហើយក្នុងនោះមានការរៀបចំឲ្យមានបរិស្ថានល្អ រចនាបទខ្មែរ ផ្ទះខ្មែរ ម្ហូបអាហារបែបខ្មែរ ពាក្យស្លោកល្អៗ មានរូបសត្វសិប្បនិមិត្តជាច្រើន ដាំដើមឈើរាប់ម៉ឺនដើម ប្រើប្រាស់ជីសិរីរាង្គក្នុងការដាំដំណាំ និងធ្វើស្រូវផងដែរ៕