(ព្រះវិហារ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ បានសហការជាមួយក្រុមគ្រូពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែក បើកការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៤៨៤នាក់។
កម្មវិធីពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃនេះ គឺមានការជួយឧបត្ថម្ភពីមូលនិធិហ្រ្វេតហូឡូ (Fred Hollows Foundation) នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែកម្មវិធីនេះត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយសារតែចំនួននៃករណីវះកាត់បានលើសពីការកំណត់ ដែលក្នុងនោះចំនួនករណីនៃការពិនិត្យ ពិគ្រោះ ព្យាបាលសរុបមាន៤៨៤ករណី ក្នុងនោះស្រីចំនួន២៧២ករណី។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន៤៨៤នាក់ ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ គឺមានចំនួនព្យាបាលដោយវះកាត់សរុប១៧៩ករណី ស្រីចំនួន១១៧ករណី (ចំនួនកំណត់១២០ករណី) ក្នុងនោះវះកាត់បាយភ្នែកបានចំនួន១៤៣ករណី ស្រីចំនួន៨៨ករណី វះកាត់ស្ដារគំហើញផ្សេងៗចំនួន៣៦ករណី ស្រី២៩ករណីផងដែរ៕