(កែប)៖ ផ្លូវលំមួយខ្សែប្រវែងសរុប១,២៥០ម៉ែត្រ ត្រូវស្ថាបនានិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមវត្តមានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយផ្លូវមួយខ្សែនេះជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលជូនដល់ពលរដ្ឋដែលរស់ក្នុងតំបន់ភ្នំវល្លិ៍ នៃស្រុកដំណាក់ចង្អើរ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា ផ្លូវលំគ្រួសក្រហមប្រវែង១,២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ បានប្រើប្រាស់មូលនិធិស្រុកឆ្នាំ២០២២ សរុបថវិកាអស់ចំនួន៣០១,៥៥៨,៦០០រៀល ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
លោក សោម ពិសិដ្ឋ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង។
លោកអភិបាលខេត្តបានបន្តថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ទើបយើងទាំងអស់គ្នាទទួលបានផ្លូវលំនេះ ដែលជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលច្រើនទៀតក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារបានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ហើយផ្លូវនេះគឺមានសារៈសំខាន់ណាស់បម្រើវិស័យដល់សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា រួមចំណែកកាត់បន្ថយភាពក្រីក្របានកាន់តែឆាប់រហ័សផងដែរ។
ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបន្ដគាំទ្រគណបក្សប្រជាជន និងចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕