(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន និងដកហូតបានវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនអាចចំនួន២៨កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៥ ខែកក្កដា នេះថា «កម្លាំងសម្ងាត់យើង ធ្វើការស្រាវជ្រាវអស់ជាច្រើនថ្ងៃ រហូតឈានមកការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត»

លោកបានបន្តថា ជនសង្ស័យឈ្មោះ ប៊ុន សឹង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្តឹង ឃុំរលួស ស្រុកស្វាយចេក ហើយជននេះធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់ប្រើប្រាស់គ្រឿងញៀន កន្លងមកនេះ។ បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញបានសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនខាងលើនេះ បញ្ជូនមកកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់នាព្រឹកនេះផងដែរ៕