(ភ្នំពេញ)៖ លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអចលនទ្រព្យ និងបញ្ចាំ បានឱ្យដឹងថា គិតមកដល់ពេលនេះ និយ័តករអចលនទ្រព្យ និងបញ្ចាំ ទទួលបានពាក្យបណ្តឹងពីពលរដ្ឋដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះដោយសារគ្មានលទ្ធភាពបង់រំលោះបន្ត ប្រមាណជាង៤០០អតិថិជនហើយ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងរៀបចំក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយបញ្ហានេះ។
លោក ជូ វណ្ណៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
អគ្គនាយកនៃនិយ័តករអចលនទ្រព្យ និងបញ្ចាំរូបនេះបានឱ្យដឹងថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ កាលពីថ្ងៃទី៩ ខែមិថុនា ស្នើដល់ម្ចាស់បុរីទាំងអស់ ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ និងចៀសវាងរឹបអូសផ្ទះនោះ ម្ចាស់ផ្ទះដែលត្រូវបានម្ចាស់បុរីរឹបអូសយកផ្ទះវិញ បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកនៃនិយ័តករអចលនទ្រព្យ និងបញ្ចាំ ដែលគិតមកដល់ពេលនេះ ទទួលបានពាក្យបណ្តឹងប្រមាណជា ៤០០អតិថិជនហើយ។
លោកបន្តថា ជាយន្តការរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយវិវាទនេះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន។
លោកបានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីយើងបានប្រមូលហើយ យើងនឹងពិនិត្យមើលតាមពាក្យបណ្តឹងនីមួយៗ ដោះស្រាយអញ្ជើញក្រុមហ៊ុន និងអតិថិជនរបស់ក្រុមហ៊ុននោះ ពីបញ្ហាដែលបានកើតឡើង ហើយគាត់ចង់បែបណា? ឧទាហរណ៍អតិថិជនខ្លះ គាត់ចង់បង់ឡើងវិញ ឬចង់បង់ផ្តាច់ដើម្បីបានប្លង់ យើងបានកត់ត្រាទុក ដើម្បីដោះស្រាយជាបណ្តើរៗ»។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២៣នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួនជិត២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយត្រូវពន្យាររយៈពេលសង ឬបន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែជាដើម និងត្រូវររៀបចំឥណទានឡើងវិញ ដោយចៀសវាងការរឹបអូសផ្ទះពីអតិថិជន។
សម្តេចបានឧទាហរណ៍ថា «បើគាត់បង់១ខែ៥០០ដុល្លាររយៈពេល១៥ឆ្នាំ ម្ចាស់បុរីក៏អាចសម្រួលឱ្យគាត់បង់តិចជាងនេះ នៅត្រឹម៤០០ដុល្លារ ឬ៣៥០ដុល្លារ ក្នុងមួយខែ ប៉ុន្តែបង់រយៈពេល២០ឆ្នាំបាន។ ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗ ដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ ហើយថៅកែអត់មានអ្វីខាតទេ ម្ចាស់បុរីចំណេញទៅវិញទេ ត្រង់អី គឺការប្រាក់នៅតែជាការប្រាក់ដដែល ហើយអូសបន្លាយពេលសង»។
សម្តេចបានបញ្ជាក់ថា ប្រសិនបើមិនបង់ប្រចាំខែភ្លាមរឹបអូសភ្លាម នោះសេដ្ឋកិច្ចរបស់កម្ពុជា នឹងដើរដល់ចំណុចមួយដែលគ្រោះថ្នាក់លំបាកទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរឹបអូស នឹងធ្វើអ្នកដែលបង់អស់លុយច្រើនហើយនៅខ្វះតែបន្តិចបន្តួច ឬបង់បាន២ភាគ៣ នៃតម្លៃផ្ទះ មានការឈឺចាប់ ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែគាំពាទាំងសង្ខាង៕