(ពោធិ៍សាត់)៖ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើដល់ប្រជានេសាទគប្បីប្រើប្រាស់ឧបករណ៍ណាដែលច្បាប់អនុញ្ញាត និងត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំ លុបបំបាត់ក្រុមក្មេងទំនើងបង្ហោះទូក ត្រូវចេះស្រលាញ់រាប់អានគ្នាដូចក្រុមគ្រួសារតែមួយ មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានទាំងអស់គ្នា។

លោកស្នើបែបនេះក្នុងឱកាសចុះជួបសំណេះសំណាល និងនាំយកអង្ករចែកជូនដល់ប្រជានេសាទក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ចំនួន៣៨៩គ្រួសារ។

ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ និងក្រុមគ្រួសារតែមួយ លោក អេង គន្ធា បានដោះស្រាយរាល់សំណូមពរដែលប្រជានេសាទបានលើកឡើង ដើម្បីជាផលប្រយោជន៍ដល់ពលរដ្ឋដែលនេសាទជាលក្ខណៈគ្រួសារ, ចំពោះក្មេងទំនើងបង្ហោះទូក ដាច់ខាតគឺមិនត្រូវឲ្យមាន ក្នុងករណីបើមានត្រូវហៅមកធ្វើកិច្ចសន្យាបញ្ឈប់ ហើយបើមិនរាងចាលទេនោះត្រូវអនុវត្តតាមផ្លូវច្បាប់។

ជាមួយគ្នានោះ លោកបានប្រកាសផ្តល់ការលើកទឹកចិត្តដល់ប្រជានេសាទណាដែលបានសហការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ និងចូលរួមដាំផ្កាលម្អ ព្រមទាំងរៀបចំលំនៅដ្ឋានផ្ទះបណ្តែតទឹកបានស្អាតល្អ ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្សាន្ត។

លោកក៏ស្នើឱ្យប្រជានេសាទបន្តការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក អេង គន្ធា ក៏បានចែកអង្ករជានិម្មិតរូបជូនដល់ប្រជានេសាទទាំង៣៨៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ដែលជាអំណោយរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់៕