(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានក្រុមការងារចំពោះកិច្ច នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបោះពុម្ពសៀវភៅសិក្សាសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែសម្រួលបញ្ចូលបទបញ្ញត្តិគ្រឹះមួយចំនួននៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំង៣កម្រិត។
លោកស្រី ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សៀវភៅកម្មវិធីសិក្សាសង្គមនេះ គ្រោងបោះពុម្ពតាមលក្ខខណ្ឌ បច្ចេកទេសរបស់ក្រសួងសម្រាប់៣ឆ្នាំឆ្លាស់គ្នា គឺថ្នាក់ទី១ ទី៤ ទី៧ និងទី១០ ត្រូវបោះពុម្ពក្នុងឆ្នាំ២០២៣នេះ។
ថ្នាក់ទី២ ទី៥ ទី៨ និងទី១១ ត្រូវបោះពុម្ពក្នុងឆ្នាំ២០២៤។ ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ត្រូវបោះពុម្ពក្នុងឆ្នាំ២០២៥។
ចំពោះមុខ ខ្លឹមសារបញ្ជ្រាបបទបញ្ញត្តិគ្រឹះមួយចំនួន នៃរដ្ឋធម្មនុញ្ញទៅក្នុងសៀវភៅសិក្សាសង្គមសម្រាប់ថ្នាក់ទី១ ទី៤ ទី៧ និងទី១០ នឹងត្រូវបោះពុម្ពក្នុងចុងឆ្នាំ២០២៣នេះ ប្រសិនបើពុំមាន អ្វីប្រែប្រួលនោះទេ។
សូមជម្រាបថា ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រា ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
MoU បានកើតឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ជួបជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាលម្អិតលើនីតិវិធីមួយចំនួន ក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីអប់រំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ភផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបើកវគ្គបណ្តុះបណ្តាលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដល់គ្រូឧទ្ទេសនៅទូទាំងប្រទេសផងដែរ៕