(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន (កូកាអ៊ីន) ឆ្លងដែនពីប្រទេសប្រេស៉ីល កាត់កម្ពុជាឆ្លងទៅប្រទេសថៃ ដោយឃាត់ខ្លួនជនបរទេស ២នាក់ ជាមួយនឹងថ្នាំញៀនជាង១.៥គីឡូក្រាម ព្រលានយន្តហោះភ្នំពេញ។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមិថុនានេះថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយវរសេនិយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ (នាយករង) សហការជាមួយកម្លាំងអង្គភាពគយ និងកម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការដឹកនាំ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងសាលាដំបូងភ្នំពេញ បានឃាត់ឆែកឆេរអ្នកដំណើរ និងវ៉ាលី ដែលសង្ស័យ ដោយចេញដំណើរពីប្រទេសប្រេស៊ីល ទីក្រុងសៅប៉ូឡូ កាត់ឌុយបៃ- ម៉ាឡេស៊ី មកភ្នំពេញកម្ពុជា ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់ (ស្រី១នាក់)។
ជនសង្ស័យទាំង២មានឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស ជនជាតិទ្រីនីដាត និងតូបាហ្គោ ដែលជាម្ចាស់វ៉ាលីស និងជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីប្រេស៊ីលមកកម្ពុជា និងឈ្មោះ ARTHAN THATSANEE ភេទស្រី ជនជាតិថៃ ដែលជាអ្នកទទួលយកគ្រឿង ញៀន និងដឹកជញ្ជូនបន្តទៅប្រទេសថៃ។ ចំពោះវត្ថុតាងដែលចាប់យកបានមាន គ្រឿងញៀនប្រភេទកូកាអ៊ីន សរុប១៥៩៤.៣៨ក្រាម (១គីឡូ ៥៩៤.៣៨ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។
សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ជាបន្តបន្ទាប់ជាប់ៗគ្នា។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕