(ភ្នំពេញ)៖ វិស្វករជនជាតិចិន ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់នានានៅកម្ពុជា បានជួបជុំគ្នាបរិភោគគុយទាវក្តៅរំលឹកដល់វប្បធម៌ប្រពៃណី ក៏ដូចជារសជាតិចំណីអាហារដើមកំណើតរបស់ខ្លួន។
ពិធីនេះរៀបចំឡើងក្នុងថ្ងៃបុណ្យសែននំចាំងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងពិធីបុណ្យសែននំចាំង ដែលជាប្រពៃណីទំនៀមទម្លាប់របស់ចិននោះ ស្ថាប័នការសែត Changjiang Daily និងក្រុមហ៊ុនCAI LINJI ដែលជាសហគ្រាសនៅទីក្រុង Wuhan បាននាំយកគុយទាវស្ងួតចំនួន១០០កញ្ចប់ ផ្តល់ជូនប្រជាជននៅខេត្តហឿប៉ី ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ពលរដ្ឋខេត្តហឿប៉ី ជាង៥០នាក់ មកពីក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបី វិទ្យាស្ថានវិភាគភូគមសាស្ត្រហឿប៉ី ក្រុមហ៊ុន China First Metallurgical Corporation ក្រុមហ៊ុន Hubei Land Construction Group និងក្រុមហ៊ុន Royal Inspection បានទទួលអំណោយ និងភ្លក់រសជាតិគុយទាវក្តៅនៅកន្លែងធ្វើការរបស់ពួកគេតែម្តង។
លោក Wang Yifan វិស្វករនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៃក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានមកភ្នំពេញអស់រយៈពេលពីរឆ្នាំកន្លះហើយ ខ្ញុំបានទិញគុយទាវស្ងួតចំនួន២០ កញ្ចប់ តាមអ៉ីនធឺណិតកាលពីមួយខែមុន ហើយទើបតែញ៉ាំវាជិតអស់ដែរ។ ខ្ញុំរំភើបចិត្តណាស់ដែលបានទទួលគុយទាវក្តៅថ្ងៃនេះ»។
នេះជាលើកដំបូងហើយសម្រាប់វិស្វករនៅក្រៅប្រទេស ដែលបានភ្លក់រសជាតិនៃស្រុកកំណើតនៅទីតាំងគម្រោងក្រៅប្រទេស។ លោក Yao Deshun ដែលជាប្រធានគ្រប់គ្រងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៃក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ បានលើកឡើងថា មានវិស្វករជាច្រើនមកពីខេត្តហឿប៉ី ធ្វើការក្នុងគម្រោងនេះ។ វាពិតជាគួរឱ្យសប្បាយចិត្តរីករាយមែនទែនក្នុងការទទួលបានគុយទាវក្តៅររស់ជាតិដើមទាំងនេះ។
«យើងរៀបចំសកម្មភាពពាក់ព័ន្ធក្នុងថ្ងៃបុណ្យសែននំចាំងជារៀងរាល់ឆ្នាំ។ ឆ្នាំមុនយើងធ្វើនំប៉ាវនៅទីតាំងគម្រោង ហើយឆ្នាំនេះយើងរៀបចំឱ្យមានសកម្មភាពឡើងភ្នំកម្សាន្ត»។ នេះជាការបញ្ជាក់របស់លោក Yao Deshun។
លោក Yao Deshun បានឱ្យដឹងផងដែរថា ផ្ទះបាយរបស់គម្រោង បានស្ងោរគុយទាវភ្លាមៗ រៀបចំគ្រឿងទេស និងលាយគុយទាវ។ ១០នាទីក្រោយមក ចានគុយទាវក្តៅៗបានចេញមកក្រៅផ្ទះបាយ ធ្វើឱ្យអ្នករង់ចាំអន្ទះសារជាខ្លាំង ដើម្បីបានបរិភោគមីដែលជាទីជាប់ចិត្តរបស់ពួកគេ។
លោក Yao Zhipeng ជាវិស្វករមកពីទីក្រុងវូហាន តែម្នាក់គត់ក្នុងគម្រោងសាងសង់ព្រលានយន្តហោះតេជោក្រុងតាខ្មៅ។ គាត់បានធ្វើការនៅបរទេសអស់រយៈពេល ៥ឆ្នាំមកហើយ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គាត់មិនដែលបានភ្លក់គុយទាវក្តៅនោះឡើយ។ ថ្ងៃនេះគាត់បានបរិភោគមួយចានធំ។
វិស្វករដទៃទៀតនៃវិទ្យាស្ថានវិភាគភូគមសាស្ត្រហឿប៉ី ក្រុមហ៊ុន China First Metallurgical Corporation ក្រុមហ៊ុន Hubei Land Construction Group និងក្រុមហ៊ុន Royal Inspection ក៏ទទួលបានការបរិភោគផងដែរ។
លោក Wang Yangzhou អ្នកគ្រប់គ្រងអាជីវកម្មនៃវិទ្យាស្ថានវិភាគភូគមសាស្ត្រហឿប៉ី បាននិយាយថា «លក្ខខណ្ឌការងារនៅបរទេស គឺមានការលំបាកខ្លះៗ។ ហើយខ្ញុំបានទទួលអំណោយពីស្រុកកំណើតក្រោយពីធ្វើការឆ្ងាយស្រុកកំណើតជាយូរឆ្នាំ។ សូមអរគុណដល់ប្រជាជននៅស្រុកកំណើតដែលមានការព្រួយបារម្ភអំពីសុខទុក្ខយើងខ្ញុំ»៕