(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ ឌី ឌី វី អន្ដរជាតិប្រចាំប្រទេសកម្ពុជា និងមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមគ្នាក្នុងការជួយបណ្តុះបណ្តាលដល់អ្នកសម្របសម្រួលសម្រាប់ការអប់រំមនុស្សពេញវ័យក្នុងឆ្នាំ២០២៣នេះ ក្រោយពីបានអនុវត្តការងារនេះតាំងពីឆ្នាំ២០២០។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើ «ទំនាក់ទំនងនិងជីវភាពក្រុមឬឌីណាមិចក្រុមក្នុងការអប់រំមនុស្សពេញវ័យ» ដែលជាម៉ូឌុលទី៣ នៃកម្មវិធីសិក្សាសកលសម្រាប់ការសិក្សា និងការអប់រំមនុស្សពេញវ័យ ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនសមត្ថភាពគ្រូបង្គោលនៅតាមមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតទាំង១០ ទីតាំងឱ្យក្លាយជាអ្នកសម្របសម្រួលកម្មវិធីអប់រំមនុស្សពេញវ័យ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលមានអ្នកចូលរួមចំនួន៣៥នាក់នេះ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីសិក្សាសកលសម្រាប់ការសិក្សា និងការអប់រំមនុស្សពេញវ័យនេះ ពិតជាមានសារៈសំខាន់សម្រាប់បង្កើនសមត្ថភាពគ្រូបង្គោល អ្នកសម្របសម្រួល និងមន្ត្រីឱ្យបំពេញតួនាទីកាន់តែប្រសើរ វាជាជំនាញសាកល និងដើរស្របតាមកំណែទម្រង់វិស័យអប់រំ និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
លោក ណុះ ស្លេះ បានបន្ថែមថា ក្រសួងនៅតែបន្តការសហការ និងការគាំទ្រឱ្យមានវគ្គបណ្តុះបណ្តាលបែបនេះ និងសកម្មភាពជួយអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដើម្បីឈានដល់ការពង្រីកមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបន្ថែមទៀត។ លោកក៏បានគូសបញ្ជាក់ថា ទំនាក់ទំនង និងឌីណាមិចក្រុម ជាបំណិនសម្រាប់អភិវឌ្ឍសមត្ថភាពមនុស្សពេញវ័យឱ្យចេះដោះស្រាយបញ្ហា សហការគ្នា យោគយល់គ្នាសម្របសម្រួលគ្នា និងរួមរស់ជាមួយគ្នា ដើម្បីកសាងនិងថែរក្សាសន្តិភាព។
លោកស្រី ពៅ វណ្ណា នាយិកាអង្គការ ឌី វី វី អន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា យើងចូលរួមទាំងអស់គ្នាក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីប្រែក្លាយជាអ្នកសម្រសម្រួលដ៏ល្អសម្រាប់ធ្វើការងារជាមួយមនុស្សពេញវ័យ។ អ្នកសម្របសម្រួលដ៏ល្អចាំបាច់ត្រូវចេះ សុ ចិ ពុ លិ ហើយអនុវត្តជាប្រចាំ។ លោកស្រីក៏បានបន្តទៀតថា ក្នុងនាមយើងជាមនុស្សពេញវ័យ នៅចែករំលែកបទពិសោធ យើងគប្បីបង្ហាញនូវសកម្មភាពដែលបានធ្វើ អ្វីដែលបានរៀនសូត្រ និងអនុសាសន៍សម្រាប់កែលម្អ។ អង្គការ ឌី វី វី អន្តរជាតិ ពិតជាមានសំណាងដែលបានធ្វើការជាដៃគូសហការដែលប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់ការអប់រំមនុស្សពេញវ័យនៅកម្ពុជា។
នាឱកាសនោះដែរ សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងសេចក្តីរីករាយ និងពេញចិត្តនឹងការរៀបចំវគ្គបណ្តុះបណ្តាលនេះដែលបានបញ្ចូលនូវខ្លឹមសារបែបទ្រឹស្តី និងអនុវត្តន៍ ជាមួយនឹងសកម្មភាពបែបរស់រវើក និងលទ្ធផលដែលអ្នកចូលរួមវគ្គទទួលបានសម្រាប់ទុកជាបទពិសោធសម្រាប់ចែករំលែកបន្តទៅគ្រូបង្គោលដទៃទៀត។
ជាមួយគ្នានោះលោកអនុរដ្ឋលេខាធិការក៏បានរំលឹកថា បន្ទាប់វគ្គបណ្តុះបណ្តាលនេះលោកគ្រូ អ្នកគ្រូបង្គោលនឹងយកចំណេះ និងជំនាញអំពីទំនាក់ទំនង និងជីវភាពក្រុមក្នុងអប់រំមនុស្សពេញវ័យ ទៅអនុវត្តនិងចែករំលែកទៅកាន់គ្រូបង្គោល និងបុគ្គលិកនៅតាមមជ្ឈមណ្ឌលរបស់ខ្លួន ព្រមទាំងគ្រួសារ ជួយបង្វឹកនិងឆ្លុះបញ្ចាំងលើការអនុវត្តជាក់ស្តែង ហើយចងក្រងករណីសិក្សា និងផ្តល់ព័ត៌មានត្រឡប់មកវិញផងដែរ៕