(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំ ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមភ្ញៀវសិង្ហបុរី នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក នាម៉ោង ៦៖៣០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដាក្នុងសប្តាហ៍នេះ ក្រោមតម្លៃសំបុត្រចូលទស្សនា ១ម៉ឹនរៀល ក្រោមដំបូល និងតម្លៃ ៥ពាន់រៀល ក្រៅដំបូល។
តាមរយៈ Facebook Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថា សំបុត្រទាំងពីរប្រភេទខាងលើនេះ ត្រូវបានដាក់លក់រួចមកហើយកាលពីម្សិលមិញ នៅមុខក្លោងទ្វារច្រក ចូលពហុកីឡដ្ឋានជាតិ រហូតដល់ថ្ងៃប្រកួតទី២៨ ខែកក្កដាតែម្តង។
ការប្រកួតមិត្តភាពនេះ គឺត្រូវបានធ្វើឡើង ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC AUE Championship 2019 ជាបន្តទៀត នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា បានឆ្លងផុតវគ្គជម្រុះជុំទី១ ហើយនោះ ក្រោយយកឈ្នះគូប្រជែង ក្រុមជម្រើសជាតិឆាយនីសតៃប៉ិ ៤-២ ទាំង២ជើង កាលពីដើមខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។
នៅចាំបានថា ក្រុមដែលកំពុងឈរ នៅចំណាត់ថ្នាក់លេខ១៨០ ក្នុងតារាង FIFA គោព្រៃកម្ពុជា ធ្លាប់ចាញ់ក្រុមឈរនៅ ចំណាត់ថ្នាក់ទី១៥៨ នៃ FIFA សិង្ហបុរី ២លើកចុងក្រោយកាលពីឆ្នាំ២០១៥ នៃវគ្គជម្រុះ World Cup 2018 នៅរុស្សី ដោយជើងទី១ នៅអូឡាំពិក កម្ពុជា បានចាញ់ ៤-០ មុនពេលទៅចាញ់សិង្ហបុរី ២-១ ក្នុងជើងទី២ នៅសិង្ហបុរីវិញ តែ១ប្រកួតចុងក្រោយក្នុងមិត្តភាពអន្តរជាតិ នៅអូឡាំពិក កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-០ វិញផងដែរ៕