(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់អ្នកសម្របសម្រួលកម្មវិធីនេះ គឺលោកបណ្ឌិត គិន ភា ចំណែកឯកគណៈវាគ្មិនដែលចូលរួមក្នុងវេទិកានេះរួមមាន៖
* បណ្ឌិត ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង
* លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
* បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប
* លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
* បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន
* បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា
សូមជម្រាបថា រយៈពេលឆ្នាំ៣ហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ រាប់ចាប់តាំងពីឆ្នាំ២០២០មក ដែលបានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យកម្លាំងទិញថមថយ ហើយរហូតមកដល់ពាល់កណ្តាលឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ មិនមានផុសផុលនៅឡើយទេ បើទោះបីជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ ជាបណ្តើរៗក៏ដោយ។
ស្របពេលដែលវិស័យអចលនទ្រព្យ នៅបន្តរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏សម្រេចបង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី១ លានដុល្លារអាមេរិក។ រួមទាំងការបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤។
កាលពីចុងខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការផ្តល់គោលការណ៍សាងសង់ និងគោលការអភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់លើស កម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើរសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។ ព្រមទាំងការចុះបញ្ជីដំបូងលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ និងការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូងសម្រាប់អ្នកវាស់វែងជាមន្រ្តីរាជការ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ម្ចាស់បុរីទាំងអស់នៅកម្ពុជា ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយសម្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេ ឬពន្លាតរយៈពេលបង់ ហើយចៀសវាងរឹបអូសដោយសារតែពួកគេខ្វះលទ្ធភាពបង់៕