(អាល្លឺម៉ង់)៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតរងរបួសនោះ ត្រូវបានប៉ូលិសអាល្លឺម៉ង់រកឃើញថា ជាស្នាដៃរបស់ជនភៀសខ្លួនស៊ីរី ប៉ុន្តែគេ នៅពុំទាន់រកឃើញភស្តុតាងណាមួយ ដែលបញ្ជាក់ថាជាអំពើភេរវកម្មនោះទេ។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។
លោក Joachim Herrmann រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងមិនទាន់ ដឹងអំពើដើមរឿងពិតប្រាកដនោះទេ ថាតើការបំផ្ទុះនេះជាករណីធ្វើអត្តឃាតខ្លួនឯង ឬក៏ជាចង់បង្កឲ្យមានមនុស្ស ស្លាប់ច្រើននាក់ក្នុងពេលជាមួយគ្នានេះ»។ ជនបំផ្ទុះអត្តឃាត ត្រូវបានគេដឹងថារស់នៅក្នុងសង្កាត់ Ansdach ភាគខាងត្បូងអាល្លឺម៉ង់ ដែលអ្នកស្គាល់ជនរូបនេះបានអះអាងរូបគេធ្លាប់ព្យាយាមធ្វើអត្តឃាតម្តងរួចមកហើយ។
គួរបញ្ជាក់ថា ការបំផ្ទុះបានកើតឡើងកាលពីវេលាម៉ោង ២២៖១០នាទីយប់ថ្ងៃអាទិត្យម៉ោងនៅទីក្រុងប៊ែរឡាំង ស្ថិតនៅក្នុងទីតាំងនៃការប្រគុំតន្ត្រីបុរាណមួយ។ មនុស្ស ១២នាក់បានទទួលរងរបួសធ្ងន់នៅក្នុងហេតុការណ៍នោះ ខណៈមនុស្ស ២,៥០០នាក់ទៀតដែលបានចូលរួមមើលការប្រគុំតន្ត្រី ត្រូវបានអាជ្ញាធរជម្លៀសចេញជាបន្ទាន់។ ដោយឡែកមនុស្សស្លាប់ម្នាក់នោះគឺជាជនបំផ្ទុះ គ្រាប់នោះតែម្តង៕