(ភ្នំពេញ)៖ រោគាព្យាធិ ជារឿងដែលមនុស្សគ្រប់រូប មិនចង់​ជួប​មិ​ន​ចង់ឃើញ​ឡើយ។ ទោះបីមិនចង់ឃើញ មិនចង់ជួប ហើយប្រឹងចៀសយ៉ាង​ណា​​ក្តី គ្រប់រូប​កាយនៃជីវិតលើភពផែនដីនេះ មិនអាចចៀសផុតនោះឡើយ។

លីម រ៉ានុត ជាកុមារមួយរូបដែលត្រូវបានឪពុកម្តាយចិញ្ចឹមបីបាច់ឱ្យធំធាត់​យ៉ាង​​ល្អលើទឹកដីជនបទក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ទោះ​បីជីវភាពគ្រួសារខ្សត់ខ្សោយ តែការធំធាត់ដោយគ្មានរោគធ្វើឱ្យកុមារា លីម រ៉ានុត នៅតែរស់ដោយក្តីរីករាយជាមួយក្រុមគ្រួសារ។

ជាអកុសលពីរឆ្នាំចុងក្រោយនេះ រ៉ានុត បានពើបប្រទះនឹងជំងឺបណ្តាល​ឱ្យរូប​គេ​ឈឺ​ក្បាលជាប្រចាំ។ ពេលឈឺភ្លាមៗម្តាយ រ៉ានុត តែងទៅផ្សំថ្នាំបំបាត់ការឈឺ​ចាប់ឱ្យលេប។ អាការៈដំបូងៗនៃជំងឺ ពេលលេបថ្នាំ ការឈឺចាប់នោះក៏បាត់។ ការលេបថ្នាំជួយបំបាត់ការឈឺចាប់មួយរយៈពេលខ្លីប៉ុណ្ណោះ មិនយូរប៉ុន្មាន​អា​កា​រៈ​​នោះ​ក៏កើតជាថ្មី។ ម្តាយ រ៉ានុត តែងធ្វើវិធីដដែលៗរាល់ពេលកូនឈឺ​ក្បាល​។

លុះរយៈពេលប្រមាណជាកន្លះខែចុងក្រោយការប្រើថ្នាំ ដើម្បីបំបាត់ការឈឺ​ចាប់​​​លែង​មានប្រសិទ្ធភាពទៀតហើយ ហើយអាការៈជំងឺក៏កាន់តែធ្ងន់ធ្ងរ ​ធ្វើ​ក្បាល​កុមា​រា រ៉ានុត ឈឺកាន់តែខ្លាំង ភ្នែកខាងឆ្វេងក៏ស្រវាំង ហើយប្រទាញថែម​ទៀត​ផង។

បន្ទាប់ពីការលេបថ្នាំលែងមានប្រសិទ្ធភាព។ ម្តាយរបស់ រ៉ានុត ក៏បានបញ្ជូនរូ​ប​គេស្វែងរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមនុស្សធម៌​ព្យា​បាលដោយមិនយកប្រាក់ កាលពីដើមខែមិថុនាកន្លងទៅនេះ។

ពេលទទួលបានលទ្ធផលនៃការពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញថា រ៉ានុត ដុះដុំ​សាច់ក្នុងខួរក្បាល ហើយជាដុំសាច់ដ៏ធំថែមទៀតនោះ បានធ្វើឱ្យម្តាយ ក៏ដូច​ជា រ៉ានុត មានអារម្មណ៍ស្រឡាំងកាំងភាំងអស់ស្មារតី។

ទោះបីជីវិតតែងរលុតទៅតាមដំណើរធម្មជាតិ ឬដោយសាររោគាព្យា​ធិ​ចៀសមិន​ផុត​​យ៉ាងណាក្តី តែរាល់ជីវិតមនុស្សលើភពផែនដី តែងប្រាថ្នារស់​ជួបជុំក្រុម​គ្រួ​សារ​​យូរ​អង្វែង។ លទ្ធផលជំងឺដែលរកឃើញដោយគ្រូពេទ្យ គឺជាជំងឺមួយ​​គំរាម​កំហែងដល់ជីវិត ជាហេតុនាំឱ្យ រ៉ានុត និងម្តាយ មានការ​ភិតភ័យ និង​ព្រួយ​បា​រម្ភ​​​យ៉ាងខ្លាំង។

ជាសំណាងល្អមួយសម្រាប់កុមារា លីម រ៉ានុត ដែលនៅមន្ទីរពេទ្យគន្ធបុប្ផា​នា​ពេលបច្ចុប្បន្នគ្រូពេទ្យជំនាញ និងមានបរិក្ខារវេជ្ជសាស្ត្រទំនើបអាចផ្តល់សេវា​សម្រាប់វះ​កាត់ជំងឺដុះដុំសាច់ក្នុងខួរក្បាល។ បន្ទាប់ពីសម្រាកក្នុងមន្ទីរពេទ្យមួយ​រយៈ​ពេលខ្លី នៅថ្ងៃទី១៣ ខែមិថុនា កុមារា រ៉ានុត ក៏ទទួលបានការវះកាត់ពីក្រុម​គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់​បំផុត។

លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី ឯកទេសខាងវះកាត់ប្រព័ន្ធប្រសាទ បានបម្រើការ​ងារនៅមន្ទីរពេទ្យគន្ធបុប្ផាជាង ១០ឆ្នាំមកហើយ។ លោកវេជ្ជបណ្ឌិត បាន​គូស​បញ្ជាក់ថា ការវះការប្រព័ន្ធប្រសាទ គឺជាការវះកាត់ដ៏លំបាកមួយ។

លោកវេជ្ជបណ្ឌិត បានអះអាងថា ការវះកាត់ដុំសាច់ក្នុងខួរក្បាលរបស់កុមារា រ៉ានុត បានប្រើពេលវេលារហូតដល់ទៅ៨ម៉ោង។ ការវះកាត់នេះទៀតសោត គឺមិនអាចសម្រាកហូបបាយ ឬទៅបន្ទប់ទឹកនោះឡើយ ពោលនៅពេលវះកាត់ គឺត្រូវ​វះកាត់រហូតរួចរាល់តែម្តង។ ទោះបីចំណាយពេលយូរយ៉ាងណាក្តី តែ​លោក​វេជ្ជបណ្ឌិត គង់ វុឌ្ឍី និងក្រុមគ្រូពេទ្យវះកាត់ដទៃទៀត មានក្តីរីករាយ ដែល​​ការវះកាត់ទទួលបានជោគជ័យ យកដុំសាច់អស់ពីក្នុងខួរក្បាល ហើយ​មិនប៉ះពាល់ដល់សរីរាង្គដទៃទៀតនោះឡើយ។

បន្ទាប់ពីការវះកាត់អស់រយៈពេលប្រមាណជាមួយសប្តាហ៍ កុមារា រ៉ានុត មាន​សុខភាពល្អប្រសើរឡើងវិញហើយ។ ភាពស្រពាប់ស្រពោន ក្តីព្រួយបារម្ភរបស់​ឪពុក​ម្តាយ និងគ្រួសាររបស់កុមារា លីម រ៉ានុត បានប្រែមកជាស្រស់ថ្លា និងរីក​រាយ​វិញហើយ បន្ទាប់ពីដុំសាច់ដ៏ធំក្នុងខួរ​ក្បាលរបស់កុមារារូបនេះ ត្រូវបានវះ​កាត់​យកចេញដោយជោគជ័យ។

អ្នកស្រី សូ ស្រីមុំ ក៏ដូចជាកុមារា លី រ៉ានុត បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះថ្នាក់ដឹកនាំ និងគ្រូពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានប្រឹងប្រែងអស់​ពី​​លទ្ធភាពជួយសង្គ្រោះជីវិតរបស់ រ៉ានុត ពីជំងឺដ៏កាចសាហាវ ហើយជួយ​ឱ្យ​ជីវិត រ៉ានុត អាចបន្តរស់នៅជួបជុំឪពុកម្តាយ និងបានឃើញភពផែនដីដ៏ស្រស់​បំព្រង​នេះបន្តទៅទៀត។

បើទោះបីដុំសាច់ត្រូវបានវះកាត់យកចេញពីខួរក្បាលអស់យ៉ាងណាក្តី តែកុមា​រា លីម រ៉ានុត ត្រូវបន្តទទួលការព្យាបាលជាបន្តទៀត ដើម្បី​ធានាថា ដុំសាច់​របស់គេមិនដុះឡើងវិញ។ ការបន្តព្យាបាលនេះ ក៏ដោយសារតែដុំសាច់ដែល​យក​ចេញពីខួរក្បាលនោះ ត្រូវបានរកឃើញនោះ ជា «សាច់កាច» តម្រូវឱ្យ​មាន​ការព្យាបាលបន្តដោយការចាក់ថ្នាំគីមី និងបច្ចេកទេសផ្សេងៗទៀត៕