(កំពង់ធំ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្ដីពី តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោមអធិបតីភាពលោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ថ្លែងក្នុងឱកាសនោះ លោក ទួច សុខា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា អាជ្ញាធរជាតិសំបូរព្រៃគុក ជាសេនាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងជួសជុល អភិរក្សប្រាសាទសំបូរព្រៃគុក ដែលយើងឃើញមានការប្រែប្រួលច្រើននៅរមណីយដ្ឋានសំបូរព្រៃគុក និងអាចទាក់ទាញ់នូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ច ក្នុងខេត្តកំពង់ធំ។
លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានគូសបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តឡើងបានជោគជ័យ ដោយមានប្រធានបទសំខាន់ចំនួន១៨ ដែលបង្ហាញដោយអ្នកជំនាញជាតិ និងអន្តរជាតិ និងមានការពិភាក្សា ជាក្រុមរបស់សិក្ខាកាមចូលរួមទាំងអស់អំពីតម្លៃ ការការពារ និងបញ្ហាប្រឈម តាមប្រធានបទផ្សេងៗគ្នា និងបានចុះទៅផ្ទាល់ដល់រមណីយដ្ឋានសំបូរព្រៃគុក ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង។
លោកសង្ឃឹមមុតមាំថា អង្គសិក្ខាកាមទាំងអស់ បានយល់ដឹងបន្ថែម ពីតម្លៃបេតិកភណ្ឌនៅក្នុងភូមិដ្ឋានរបស់ខ្លួន អំពីបទដ្ឋានគតិយុត្តិនានា អំពីការចូលរួមរបស់សហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកថែរក្សាការពារមរតកវប្បធម៌។
ជាមួយគ្នានេះ លោក សោម សុគន្ធ បានអះអាងថា តំបន់បេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានសុវត្ថិភាព និងថិតថេរទៅបានទាល់តែប្រទេសជាតិមានសុខសន្តិភាព។ លោកជំរុញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ ត្រូវចែករំលែកនូវចំណេះដឹងដែលទទួលបាននេះ ទៅកាន់មូលដ្ឋានរៀងៗខ្លួន ដើម្បីរួមគ្នាឲ្យរមណីយដ្ឋានបេតិកភណ្ឌប្រាសាទសំបូរព្រៃគុកមានសុវត្ថិភាព៕