(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នឹងត្រូវលើក​យក​ទៅពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះហើយ។

សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលផ្តោតសំខាន់លើការ កំណត់លក្ខខណ្ឌរបស់បុគ្គលដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើ​ឡើងភ្លាមៗតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មាន​ឥទ្ធិពលរបស់កម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះ​ឆ្នោត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលនាំគ្នាធ្វើចលនាបំផុសមិនឱ្យ​ប្រជា​​ពលរដ្ឋទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតជាដើម។

បើតាមការបញ្ជាក់របស់សម្តេចតេជោនាពេលកន្លងទៅ បានឱ្យដឹងថា សេចក្តី​ព្រាង​​ច្បាប់​​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងកំណត់ជាពិសេស​សម្រាប់​បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានចូលរួមបោះ​ឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យ​គេ​បោះឆ្នោតនោះ។

ក្រៅតែពីកំណត់នូវលក្ខខណ្ឌសម្រាប់បុគ្គលឈរឈ្មោះឱ្យគេបោះឆ្នោតហើយនោះ នៅក្នុងសេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏មាន​កំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរ​ការ​ចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោត​ផងដែរ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សំណើធ្វើ​វិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណាចក្រកម្ពុជា ពិសេសវាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែល​ចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ​ឱ្យគេបោះ​ឆ្នោត ត្រូវកំណត់​ក្នុងច្បាប់»។ ទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិន​ធ្វើ​ឱ្យប៉ះពាល់ឡើយ​ដល់ «សិទ្ធិបោះឆ្នោត» របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្ម​នុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចកកម្ពុជា។ «ការទៅបោះឆ្នោត» ឬ «ការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពល​រដ្ឋខ្មែរ និងពុំមែនជា​កាតព្វ​កិច្ចដែលមានចរិតជាការចាប់​បង្ខំប្រជាពលរដ្ឋឱ្យ​ទៅ​បោះឆ្នោត ដូចបណ្ដាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួន​ក្នុងពិភពលោ​ក​នោះ​ទេ។

សេចក្តីព្រាងច្បាប់នេះ រួមមានប្រាំបីមាត្រា ដូចតទៅ៖

- មាត្រាមួយ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្ម
- មាត្រាពីរ ចែងអំពីការធ្វើវិសោធនកម្មមាត្រា២៣ មាត្រា១៤២ និងមាត្រា១៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត
- មាត្រាបី ចែងអំពីការធ្វើវិសោធនកម្មមាត្រា៣៥ មាត្រា១៧១ និងមាត្រា១៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- មាត្រាបួន ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៣ នៃច្បាប់ស្តីពីការបោះ​ឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា
- មាត្រាប្រាំ ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៥ នៃច្បាប់ស្តីពីការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- មាត្រាប្រាំមួយ ចែងអំពីវិសោធនកម្មដោយការកែប្រែមាត្រា​ពាក់ព័ន្ធមួយ​ចំនួន​នៅក្នុងច្បាប់បោះឆ្នោត
- មាត្រាប្រាំពីរ ចែងអំពីអន្តរប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើស​តាំងសមាជិក​ព្រឹទ្ធសភានីតិកាលទី៥
- មាត្រាប្រាំបី ចែងអំពីការអនុវត្តច្បាប់ជាការប្រញាប់។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃស្អែកនេះ ក៏នឹងពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត រួមមាន៖

* សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។

* សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។

* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។

* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង។

* និង សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង៕