(កំពង់ឆ្នាំង)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ចំនួន២៨០នាក់ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អរវាងអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់បាតុភាពអសកម្មនានាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ពិសេសការបង្ក្រាបឱសថក្លែងក្លាយ ការនាំចូលឱសថគ្មានច្បាប់អនុញ្ញាត សេវាថែទាំសុខភាពខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ដ្រីបន្ដទៀតថា ចំពោះសេវាសុខាភិបាលសាធារណៈធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តខ្ពស់ ដែលមន្ត្រីសុខាភិបាលយើង ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈ អត្តចរិតស្លូតបូត ទទួលរាក់ទាក់ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងបន្តគាំទ្រសេវាសុខាភិ បាល។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ នៃខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ ជាក់ស្ដែង ថ្ងៃនេះដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងបំពេញការងារសុខាភិបាល ប្រមុខនៃរាជរដ្ឋាភិបាល បានប្រគល់ប័ណ្ណសរសើរជូនមន្ត្រីទាំង២ខេត្ត សរុបមានចំនួន២៨០នាក់៕