(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ទាំង១៤ខណ្ឌ នៅមន្ទីរបក្សរាជធានីភ្នំពេញ ដើម្បីត្រៀមការងារសំខាន់ៗមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ក្នុងកិច្ចប្រជុំនេះ លោកក៏បានជំរុញឲ្យប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌទាំង១៤, គណៈចលនាសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ តភ្ជាប់តេឡេក្រាមរបស់សម្ដេចតេជោ ហ៊ុន សែន ជូនសមាជិកគណបក្សទាំងអស់ ទាំងនៅថ្នាក់មូលដ្ឋានសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យពួកគាត់បានទទួលព័ត៌មានពិតជាក់លាក់ពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានលើកឡើងថា សមាជិកគណបក្សប្រជាជនកម្ពុជា ពិសេសនៅតាមបណ្ដារោងចក្រ ដូចជានៅតាមវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ សមាជិករបស់យើង សុទ្ធតែមានភាពស៊ីវិល័យ ដោយភាគច្រើនបាន ប្រើប្រាស់នូវទូរស័ព្ទ ស្មាតហ្វូន ហើយក៏កំពុងប្រើប្រាស់បណ្ដាញសង្គមជាមធ្យោបាយក្នុងការទាក់ទងគ្នា។ ក្នុងនោះតេឡេក្រាម ក៏ជាវិធីមួយដែលកំពុងពេញនិយមផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងនៅក្នុងដំណាក់កាលថ្មីៗនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិទាំងមូល នោះគឺកម្ពុជាទទួលបានជោគជ័យនូវព្រឹត្តិការណ៍ធំៗច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការទប់ស្កាត់បាននូវការរាតត្បាតដោយជំងឺកូវីដ១៩ និងនៅចុងក្រោយនេះ កម្ពុជាទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕