(សៀមរាប)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានបញ្ជាក់នៅក្នុង កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនកម្ពុជា-ថៃ លើកទី១០ឲ្យដឹងថា ភាគីថៃនឹងបញ្ជូនទីប្រឹក្សាការងារគ្រឿងញៀន មកប្រចាំការនៅស្ថានទូតព្រះរាជាណាចក្រថៃ នៅកម្ពុជា ដើម្បីទំនាក់ទំនងការងារ ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលខាងមុខដ៏ឆាប់។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាការងារជាមួយ លោក សីុរីនយ៉ាសីុតឌីចៃ អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យ គ្រឿងញៀនថៃ នៅក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃ លើកទី១០ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំនោះមានការចូលរួម ពីមន្រ្តីពាក់ព័ន្ធ សម្រាប់ភាគីកម្ពុជា មកពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ខេត្តកោះកុង យោធភូមិភាគ៤ និងភូមិភាគ៥ និងភាគីថៃមានមកពីតំបន់២ និងតំបន់៣ និងមន្រ្តីពាក់ពន្ធ័ស្ថាប័នជាតិ ត្រួតពិនិត្យគ្រឿងញៀននៃប្រទេសទាំងពីរ និងតំណាងកំលាំង អនុវត្តច្បាប់ពីបណ្តាខេត្តជាប់ព្រំដែនជាច្រើនរូបទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណ ដល់ភាគីថៃដែលតែងតែជួយដល់ភាគីកម្ពុជា មានដូចជា ការងារកាត់បន្ថយគ្រោះថ្នាក់ បានជួយបណ្តុះបណ្តាលមន្រ្តីកម្ពុជាពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងការងារអនុវត្តច្បាប់ បានធ្វើការបណ្តុះបណ្តាលមន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន (BLO) កម្ពុជាលើការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ឆ្លងកាត់ព្រំដែន។ក្រៅពីនោះ ក៏មានការផ្តល់សម្ភារៈ មធ្យោបាយសម្រាប់បំរើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានទូកប្រដេញ ម៉ូតូ រថយន្ត និងពង្រឹងនិងបង្កើនសមត្ថភាពមន្រ្តីមន្ទីពិសោធន៍គ្រឿងញៀនផងដែរ។
ជាការឆ្លើយតប លោក ស៊ីរីនយ៉ាស៊ីតឌីចៃ បានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានផ្តល់កិច្ចសហការលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើគ្រប់វិស័យ និងការផ្លាស់ប្តូរព័ត៌មាន នៃគម្រោងសុវត្ថិភាពតំបន់ទន្លេមេគង្គឈានទៅដល់ការបង្កាបង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀនបានទាន់ពេល និងមានប្រសិទ្ធភាពនៅប្រទេសថៃ ហើយភាគីថៃ នឹងបន្តពង្រឹងនូវ កិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត៕