(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨៦០នាក់ ដោយមានកូនទេវតា មកតាមជាមួយ ប្រមាណ ៣០០នាក់ មកពីភូមិចំនួន៦ នៃឃុំព្រះធាតុ ស្រុកអូររាំងឪ។
លោកបានបន្តថា គោលដៅយើងគឺ «អ្នកអូររាំងឪ ជួយអ្នកអូររាំងឪ» នឹងបានមានប្រសាសន៍បន្ថែមថា «ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ រក្សាបានសន្តិភាព និងការអភិវឌ្ឍ» តាមរយៈស្មារតីនេះហើយ ទើបថ្នាក់ដឹកនាំ និងក្រុមការងារយើង បានអនុវត្តតាមគោលការណ៍៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សយើងគឺ៖
*ជំរុញការអភិវឌ្ឍធនធានមនុស្ស លើកទឹកចិត្ត គាំទ្រ និងឧបត្ថម្ភ សិស្សានុសិស្សនៅទូទាំងស្រុក ជាពិសេសសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ តាមរយៈ ថវិកា និងសម្ភារៈបម្រើការសិក្សា
*ផ្លូវ៖ កន្លងមកក្រុមការងារយើងបាន ឈូសឆាយផ្លូវបាន៨០Km នៅទូទាំងស្រុក ដោយឡែកឃុំព្រះធាតុ ឈូសឆាយផ្លូវលំ បាន២២km បន្ថែមលើសមិទ្ធផលជាច្រើនដែលជាគម្រោងរបស់រាជរដ្ឋាភិបាល និងមូលនិធិអភិវឌ្ឍឃុំ-សង្កាត់។
*ភ្លើង៖ បានដាក់អំពូលសូឡា (ពន្លឺទេវតា) ជាង ២,០០០តាមដងផ្លូវ និងទីសាធារណៈ នឹងគ្រោងដាក់គ្រប់ខ្នងផ្ទះប្រមាណជាង ២០,០០០អំពូលថែមទៀត
*ទឹក៖ បន្ថែមលើប្រព័ន្ធប្រលាយទឹកខ្វាត់ខ្វែងរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋស្រុកអូររាំងឪយើង នឹងមានអណ្តូងទឹកស្អាត និងម៉ាស៊ីនចម្រោះទឹកស្អាតនៅតាមសាលារៀន
*សន្តិសុខសង្គម ៖ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ការបង្រ្កាប ការជួយដូរ និងបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
លោកបានបន្តថា ក្រុមការងារយើងនឹងដាក់ឧបករណ៍ក្មេងលេង នៅសាលាបឋមសិក្សាដើមកកោះ ក្នុងឃុំព្រះធាតុ ដើម្បីលើកកម្ពស់សោភ័ណភាពសាលា ជំរុញការរីកលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី របស់កុមារាកុមារី៕