(បាត់ដំបង)៖ លោក ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ចូលជួបសំដែងការគួរសមជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំខេត្ត នៅសាលាខេត្តបាត់ដំបង។

ក្នុងពិធីនេះ ប្រធានប្រតិភូ លោក ស៊ូម សារឿន បានរាយការណ៍សង្ខេបអំពីប្រវត្តិសារបាន និងវឌ្ឍនភាពនៃសមាគមរាជសីហ៍ មានជាអាទិ៖ ទី១៖ ចុះបញ្ជីជាផ្លូវការ នៃសមាគមរាជសីហ៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី៧ ខែ៨ ឆ្នាំ២០១៩ សមាជិក សមាជិកា សរុបជាង៦ពាន់ អង្គ/នាក់ ទី២៖ មានសាខា២៤រាជធានី/ខេត្ត និងសាខាក្រៅប្រទេស៥ (ប្រទេសថៃ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម) ទី៣៖ សមាគមបានចំណាយថវិកាចំនួន ១លាន និង៦ម៉ឺនដុល្លារ លើសកម្មភាពមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះ (ថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា) ទី៤៖ សមាគមមានទំនាក់ទំនង និងបានទទួលជំនួយជាសម្ភារៈ សម្លៀកបំពាក់កីឡា និងគ្រឿងបរិក្ខារពេទ្យ ពីប្រទេសកូរ៉េខាងត្បូង និងប្រទេសបារាំង ទី៥៖ បានទទួលម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំ២គ្រឿង និងបានផ្តល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីដំឡើងជូនប្រជាពលរដ្ឋប្រើប្រាស់ នាពេលរងគ្រោះដោយទឹកជំនន់នាឆ្នាំ២០២០ សរុបជាទឹកប្រាក់ ១១ម៉ឺនដុល្លារ។

លោកបានគោរពថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ និងសហការគាំទ្រសកម្មភាពមនុស្សធម៌ សមាគមរាជសីហ៍ ឱ្យបានកាន់រីកចម្រើនបន្ថែមទៀត ដោយកន្លងមកលោកប្រធាន ស៊ូម សារឿន បានស្នើដល់លោក សុខ លូ មេត្តាបន្តកិច្ចសហការ និងគាំទ្រសកម្មភាពមនុស្សធម៌តទៅមុខទៀត ឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ សមាគមរាជសីហ៍ សូមសំដែងការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹង ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ក្នុងឱកាសនេះដែរលោក សុខ លូ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលសមាគមរាជសីហ៍ បានធ្វើសកម្មភាពមនុស្សធម៌ ក្នុងតំបន់ភូមិសាស្ត្រ ខេត្តបាត់ដំបង ជាពិសេស អភិបាលខេត្តបានបង្ហាញការគាំទ្រ និងកិច្ចសហការជាមួយសមាគមរាជសីហ៍ ឲ្យកាន់តែមានភាពប្រសើរជាងមុនបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានជូនពរប្រតិភូសមាគមរាជសីហ៍ មានសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់បេសសកម្មរបស់ខ្លួន៕