(ភ្នំពេញ)៖ លោក ឃ្លាំង ហួត និងលោក កើត​ ឆែ​ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការចាត់ចែងលើទ្រព្យ ដែលបានឃាត់ទុក ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង អាជីវកម្មបញ្ចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលប្រជុំ​សាលារាជធានីភ្នំពេញដោយមានការចូលរួមលោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) និងសហការី តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងសមាសភាពពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំផ្ដោតទៅលើចំណុចសំខាន់ដូចតទៅ៖
១៖ ពិភាក្សាអំពីការប្រគល់ម៉ូតូ ដែលបានមានឯកសារត្រឹមត្រូវ ជូនទៅម្ចាស់អាជីវកម្មវិញ
២៖ ពិភាក្សាទៅលើការចាត់ចែងម៉ូតូ ដែលមិនមានឯកសារពេញលេញ​ និងម៉ូតូដែលគ្មានឯកសារសោះ
៣៖ ពិភាក្សាអំពីការចុះត្រួតពិនិត្យមើលលក្ខខណ្ឌ ទៅលើទីតាំងបើកអាជីវកម្មបញ្ចាំ ទូទាំងរាជធានីភ្នំពេញ។

អង្គប្រជុំឯកភាពគ្នាដូចខាងលើ​ និងគោរពស្នើសុំការដឹកនាំដ៏ខ្ពង់ខ្ពស់អំពី​អគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងអភិបាលរាជធានីភ្នំពេញ៕