(ភ្នំពេញ)៖ យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជាលើកទី៦ ពានរង្វាន់ធំប្រចាំឆមាស» នៅបន្តទទួលពាក្យពីរថ្ងៃទៀត គឺថ្ងៃទី ២៥-២៦ ខែកក្កដាខាងមុខនេះ។ Facebook Page ផ្លូវការរបស់សម្តេចតេជោបន្ថែមថាការបន្តទទួល ពាក្យពីរថ្ងៃទៀត គឺដោយសារតែមានសំណូមពរពីមហាជន។
ដូចនេះ បេក្ខជនបេក្ខនារី កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៦ - I Am a Role Model 6 នៅបន្តទទួលចុះឈ្មោះ និងទទួលវីដេអូ ប្រកួតប្រជែង២ថ្ងៃថែមទៀត គឺពីថ្ងៃទី ២៥-២៦ កក្កដា។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេស យុវជនយុវនារីគ្រប់រូបអោយចូលរួមកសាងអំពើល្អក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យសាធារណជនទូទៅបានដឹងពីលក្ខខណ្ឌចូលរួមនៅក្នុងកម្មវិធីនេះ គឺសម្រាប់ បេក្ខជន-បេក្ខនារី ដែលអាចដាក់ពាក្យចូលរួមប្រកួតប្រជែងបាន គឺត្រូវតែជាបេក្ខជនបេក្ខនារី ដែលធ្លាប់បានធ្វើ និងកសាងអំពីល្អក្នុងសង្គមរួចហើយ និងកំពុងបន្តធ្វើអំពីគំរូល្អៗជាច្រើនទៀត នៅក្នុងសង្គមជាតិ។
សូម Upload វីដេអូឃ្លីប (Video Clip) ដែលបង្ហាញអំពីសកម្មភាពនៃអំពើល្អទាំងនោះទៅក្នុង Facebook ផ្ទាល់ខ្លួន ហើយផ្ញើកូដ (Submit Embed Code) នៃ Video នោះមកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួត។ ចំពោះអតីតជ័យលាភី Top1, Top 10 ចាប់តាំងពីវគ្គ ១ដល់វគ្គ៥ គឺអាចចូលរួមប្រកួត បានទាំងអស់គ្នា។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន-បេក្ខនារី ជ័យលាភីទាំងអស់ដែលបានទទួលជ័យជំនះ នៅក្នុងវគ្គពិសេសនេះ។ ជ័យលាភីលេខ១ (Top-1) វគ្គទី ៦ នេះនឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត៕