(ឧត្តរមានជ័យ)៖ អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ស្ថិតក្នុងសាលាអនុវិទ្យាល័យ ហ៊ុន សែន រួតចំបុី ក្នុងភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
លោកបានបញ្ជាក់ថា រាល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ទាមទារជាចំបាច់នូវចំណេះដឹង ជំនាញបច្ចេកទេសពិតប្រាកដ បើពុំដូច្នេះទេការស្ថាបនាប្រទេសជាតិ មិនទទួលបានភាពថ្កុំថ្កើនរុងរឿងឡើយ។ លោកបន្តថា ដើម្បីឲ្យចំណេះដឹងទាំងអស់នេះ កើតមានចំពោះប្រជាពលរដ្ឋខ្មែរម្នាក់ៗ រាជរដ្ឋាភិបាលកម្ពុជា បានតម្រូវឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងការសិក្សាតាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់ឧត្តមសិក្សាទាំងនៅទីក្រុង នៅជនបទ និងតំបន់ដាច់ស្រយាល។
លោក ប៉ែន កុសល្យ បានអះអាងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ប្រទេសដោយឈរលើមូលដ្ឋាន វិទ្យាសាស្ត្របច្ចេកទេសទំនើប ការអភិវឌ្ឍនេះទាមទានូវធនធានមនុស្សប្រកបដោយសមត្ថភាពពេញលេញផង និងគ្រប់គ្រាន់ផង។
លើសពីនេះទៅទៀត ត្រូវការធនធានមនុស្ស មានទេព្យកោសល្យខ្ពស់ ជាអ្នកប្រាជ្ញ បណ្ឌិត គ្រប់វិស័យដើម្បីជួយដល់មនុស្សជំនាន់ក្រោយៗទៀត។ លោកថា «ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺបង្ខិតសាលារៀនឲ្យទៅជិតលំនៅដ្ឋានប្រជាពលរដ្ឋ និងឃុំមួយត្រូវមានអនុវិទ្យាល័យ១ ដូច្នេះទីណាមានប្រជាពលរដ្ឋទីនោះមានសាលារៀន»។
ជាមួយគ្នានេះ លោក ប៉ែន កុសល្យ បានសំណូមពរដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ មួយចំនួនដូចខាងក្រោម៖
* កាតព្វកិច្ចអាណាព្យាបាល សិស្សានុសិស្ស ត្រូវជំរុញលើកទឹកចិត្តឲ្យកូនៗ មករៀនឲ្យបានទៀងទាត់ តាមកម្មវិធីរបស់សាលារៀន
* សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ យ៉ាងហោចឲ្យបានបញ្ចប់ថ្នាក់ទី១២ ដើម្បីក្លាយជាធនធានមនុស្សរបស់ប្រទេសជាតិ និងសង្គមគ្រួសារ
* ជួយថែរក្សាសលារៀន ឲ្យបានល្អស្អាតប្រើប្រាស់បានយូរអង្វែង
* ត្រូវចេះប្រើប្រាស់បង្គន់អនាម័យ ដើម្បីរក្សាសុខភាពរាងកាយ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ
* ខិតខំដាំដំណាំ ពិសេសកូនឈើដើម្បីបរិស្ថានធម្មជាតិ និងបានម្លប់សម្រាប់សម្រាកលេង
* ខិតខំកសាងខ្លួន ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ
* ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងល្បែងពាលាផ្សេងៗ
* ត្រូវគោរពច្បាប់ចរាចរណ៍ការពារបានជីវិតខ្លួនឯង និងជីវិតអ្នកដ៍ទៃ៕