(កំពង់ឆ្នាំង)៖ អ្នកបើកបររថយន្តដឹកគ្រឿងចក្រម្នាក់ និងរថយន្តមួយគ្រឿង រួមនិងអេស្កាវាទ័រមួយគ្រឿង ត្រូវបានសមត្ថកិច្ចចំរុះចាប់ឃាត់បញ្ជូនមកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង តាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ខណៈដែលគ្រឿងចក្រខាងលើនេះ បានជីកកកាយដីតំបន់២ធ្វើជាស្រះ និងលើកជាដីទួលជាប់នឹងខ្ទមអ្នកតា ដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ និងដោយមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ។

កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចខ្ទមអ្នកតា ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ករណីការជីកកកាយដីតំបន់២ ធ្វើជាស្រះ និងលើកជាដីទួលនៅចំណុចខាងលើនេះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។ ចំណែកដីតំបន់២ដែលត្រូវបានគ្រឿងចក្រជីកជាស្រះ ដឹកយកអាចម៍ដីខាងលើនេះមានទំហំ ១០០ម៉ែត្រគុណនឹង៥០ម៉ែត្រ ដែលត្រូវបានគេជីកធ្វើជាស្រះជម្រៅប្រមាណមួយម៉ែត្រកន្លះ ហើយលើកជាទួលដែលម្ចាស់ដីជារបស់លោក ទុំ សារី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាបៀរ។

តាមការអះអាងរបស់ស្ត្រីម្នាក់ជាកូនស្រីរបស់លោក ទុំ សា រី បានឲ្យដឹងថា ដីនេះគាត់បានទិញពីគេដែលមានឯកសារភូមិឃុំត្រឹមត្រូវ ហើយការជីកស្រះលើកដីធ្វើជាទួលជាប់ នឹងខ្ទមអ្នកតាដែលជាទីសក្ការៈពីបុរាណនេះផងដែរ ដោ យសារតែម្ចាស់គ្រឿងចក្រឈ្មោះ ស៊ុយ ជា អ្នកធានាអះ អាងរត់ច្បាប់សម្រាប់ការជីកស្រះ និងយកអាចម៌ដីខាងលើនេះទើបគាត់ប្រគល់ឲ្យធ្វើ។

ដោយឡែកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ថា នៅពេលដែលកម្លាំងសមត្ថកិច្ច របស់លោកចុះទៅដល់គោលដៅខាងលើនេះ អ្នកបើកបរអេស្កាវ៉ាទ័របានបើកចេញពីកន្លែងរណ្ដៅដី ឡើងលើរថយន្តដឹកគ្រឿងចក្របើកចេញបើទោះជាសមត្ថកិច្ចព្យាយាមដេញតាមឃាត់ក៏ពួកគេមិនព្រមឈប់នោះដែរបើក រហូតដល់ពាក់កណ្ដាលផ្លូវទើបសមត្ថកិច្ចអាចឃាត់រថយន្តដឹកគ្រឿងចក្រខាងលើនេះបាន។

មិនតែប៉ុណ្ណោះអ្នកបើកបរអេស្កាវ៉ាទ័រនោះ ពេលសមត្ថកិច្ចបើករថយន្តតាមពីក្រោយស៊ីប្លេឲ្យឈប់គេបែរជាចង់យកប្រមោយអេចស្កាវ៉េទ័រខោកមកលើរថយន្តសមត្ថកិច្ចទៀតផង។

សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីឆ្លងយោបល់ពីលោកព្រះរាជអាជ្ញារួចមក, លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាឲ្យសមត្ថកិច្ចលោកឃាត់ខ្លួន អ្នកបើកបររថយន្ត និងរថយន្តបញ្ជូនមកកាន់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។ ចំណែកតៃកុងអេចស្កាវ៉ាទ័រ លោកព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យឱ្យសមត្ថកិច្ចតាមស្រាវជ្រាវអត្តសញ្ញាណ និងតាមចាប់ខ្លួនបញ្ជូនមកតុលាការផងដែរ ពីព្រោះទង្វើរបស់ពួកគេខាងលើនេះ ជាការប្រឆាំងនីតិវិធីក្នុងការអនុវត្តច្បាប់របស់សមត្ថកិច្ច។

ដោយឡែកករណីឈូសឆាយដីតំបន់២ជីកស្រះ និងលើកធ្វើជាដីទួលខុសច្បាប់នៅចំណុចខាងលើនេះ លោកព្រះរាជអាជ្ញាក៏បានបញ្ជារឲ្យលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ស្រាវជ្រាវការកាន់កាប់ដីធ្លី និងកសា ងសំណុំរឿងបញ្ជូនមកកាន់អយ្យការតុលាការខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យដោះស្រាយ។

ក្នុងហេតុការណ៍ខាងលើនេះ លោក ឯក ស៊ុនរស្មី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកក៏បានចុះត្រួត ពិនិត្យដោយផ្ទាល់ និងបានជួបសំណេះសំណាល និងពន្យល់អប់រំដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីច្បាប់មួយចំនួនដល់ពួកគាត់ផងដែរ៕