(ចិន)៖ នៅក្នុងដំណើរទស្សនកិច្ចជិត១សប្តាហ៍ នៅខេត្តក្វាងស៊ី (Guangxi) ប្រទេសចិន ក្រុមប្រតិភូសារព័ត៌មានកម្ពុជា ៩ស្ថាប័ន ដែលក្នុងនោះមានទាំង តំណាងសារព័ត៌មាន Fresh News ផងដែរ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានបំពេញទស្សនកិច្ចនៅកំពង់ផែឆ្លាតវៃឈីងចូវ ដែលស្ថិតនៅក្នុងក្រុងឈីងចូវ (Qinzhou) ភាគខាងត្បូងខេត្តក្វាងស៊ី ប្រទេសចិន។

កំពង់ផែនេះ មានទំហំធំល្វឹងល្វើយ ហើយបានដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាមួយនឹងការប្រើប្រាស់កម្លាំងមនុស្សតិចតួចបំផុត។ វាជាកំពង់ផែឆ្លាតវៃដ៏ធំទី៧ នៅក្នុងប្រទេសចិន ដែលដំណើរការដោយប្រព័ន្ធ​បច្ចេកវិទ្យាទំនើបចុង AI ដោយឧ​បករណ៍ស្ទូចកង់តឺន័រ និងរថយន្តដឹកកុងតឺន័រ គ្មានមនុស្សបេីកបរ​នោះទេ រាល់ការលើកដាក់ទំនិញ អ្វីៗត្រូវបានបញ្ជា និងត្រួតពិនិត្យដោយស្វ័យប្រវត្តិពីចម្ងាយ។ កំពង់ផែនេះ បានចម្លងទំនិញពីនាវាចេញពីសមុទ្រចិនភាគីខាងត្បូង បញ្ចូលទៅតាមរថភ្លើងដឹកទៅកាន់តំបន់នានា នៅក្នុងប្រទេសចិន និងដឹកទៅកាន់តំបន់មួយចំនួននៅលើពិភពលោកផងដែរ។

កំពង់ផែ​វៃឆ្លាត​មួយ​នេះ​ គឺប្រេីប្រាស់នៅប្រព័ន្ធទំនេីបមានដូចជា៖​ AI ,GPS, សាកថ្ម​ និង​ត្រីវិស័យ​ជាដើម ក្នុងការដឹក​ជញ្ជូន​ទំនិញ​ទាំង​នោះ​ មិនតែប៉ុណ្ណោះអ្វីដែលកាន់តែ​អស្ចារ្យនោះ​ គឺរថយន្តដឹកទំនិញស្វ័យប្រវត្តិពុំបានប្រើប្រាស់ប្រេងឥន្ធនៈនោះឡើយ គឺប្រើប្រាស់ថ្ម ដែលអាចបញ្ចូលថាមពលដោយខ្លួនឯង​តែម្តង។

គួរបញ្ជាក់ដែរថា​ កំពង់ផែ​វៃឆ្លាត​នេះ​ អាច​ផ្ទុកទំនិញ​បាន​ ២លាន៦០ម៉ឺនតោន​ ហើយមានបុគ្គលិកត្រឹមតែប្រមាណ២០០នាក់ប៉ុណ្ណោះ។ កំពង់ផែ អាចទទួលការចូលចតរបស់នាវាដឹកទំនិញទម្ងន់​ចាប់ពី​ ១០ទៅ២០ម៉ឺនតោន​។

បើតាមតំណាងកំពង់ផែ បានឱ្យដឹងថា កំពង់ផែនេះទើបនឹងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ រយៈពេល២ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យក្រុមហ៊ុនចំណេញកើនលើសទ្វេដងពីកំពង់ផែបុរាណ ដោយសារតែការប្រើប្រាស់កម្លាំងពលកម្មតិចតួច ហើយបុគ្គលិកដែលធ្វើការនៅកំពង់ផែនេះ ភាគច្រើនជាយុវជន ដែលបញ្ចប់ថ្នាក់សិក្សាចាប់ពីបរិញ្ញាបត្រឡើង។

សូមបញ្ជាក់ថា ប្រតិភូសារព័ត៌មានកម្ពុជា៩ស្ថាប័ន ដែលដឹកនាំដោយ លោក ផ្លុង វិចិត្រ បា​នបំពេញទស្សនកិច្ច រយៈពេល៦ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។

ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily៕