(ព្រៃវែង)៖ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ដំណើរការជួសជុល កែលម្អសោភ័ណភាព និងបំពាក់គ្រឿងបរិក្ខាបន្ថែម អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សម្រេចបាន៨០%ហើយ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
ចំណែកអគារព្រហ្មទណ្ឌ ដែលមានការិយាល័យចំណុះចំនួន៣ គឺការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវបានជួសជុលកន្លែងខូចខាត និងទ្រុឌទ្រោម លាបថ្នាំពណ៌ថ្មី ព្រមទាំងបំពាក់គ្រឿងបរិក្ខាផ្សេងៗបន្ថែមទៀតរួចរាល់ជាស្ថាពរ។ ការចំណាយជួសជុលអគារទាំងពីរនេះ បានទទួលការឧបត្ថម្ភពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សរុបទឹកប្រាក់ប្រមាណជាង៤៤១,២៩០,០០០រៀល។
ក្រៅពីការជួសជុល កែលម្អអគារទាំង២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បាននាំយកគ្រឿងចក្រមកធ្វើការឈូសឆាយ និងចាក់ដីបន្ថែម កែលម្អសួនច្បារនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីបង្កើនសោភ័ណភាព បរិស្ថានស្អាត អនាម័យល្អ ប្រកបដោយផាសុខភាព។
មិនត្រឹមតែអគារក្នុងស្នងការដ្ឋាននគរបាលខេត្តប៉ុណ្ណោះទេ ដែលត្រូវបានជួសជុល កែលម្អឡើងវិញ សូម្បីតែអគារនៅអធិការដ្ឋាននគរបាលស្រុកចំនួន៣ គឺស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកពារាំង ក៏ត្រូវបានជំរុញការសាងសង់ថ្មីផងដែរ ក្រោមការដឹកនាំកសាងពីលោកអធិការទាំងបីស្រុក ដោយការលើកទឹកចិត្តពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត។
ជាមួយគ្នានេះ បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ទូទាំងខេត្ត ក៏បាននិងកំពុងប្រឹងប្រែងកែលម្អសោភ័ណ្ឌភាពកន្លែងធ្វើការងារយ៉ាងសកម្មផងដែរ ខ្លះក៏ជួសជុលអគារ លាបថ្នាំថ្មី ខ្លះសម្អាតទីធ្លាជុំវិញអាគារ ជាពិសេសរៀបចំកន្លែងទុកដាក់ឯកសារឲ្យមានរបៀបរៀបរយ ថ្លៃថ្នូរ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
សូមរំលឹកថា អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានចាប់ផ្តើមដំណើរការជួសជុលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ។
អគារធំនេះ មានចំនួន២៩បន្ទប់ (ខាងលើ១៤បន្ទប់ បូកទាំងបន្ទប់ស្នងការ១បន្ទប់) ខាងក្រោម១៥បន្ទប់ (បូកទាំងសាលប្រជុំ១បន្ទប់)។ អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨៥ ហើយនៅមុនពេលជួសជុល អគារនេះមានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការបំពេញការងារ ព្រោះពេលមេឃភ្លៀងម្ដងៗ ទឹកជ្រាបចូលស្ទើរតែគ្រប់បន្ទប់៕