(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមោងឫស្សី ចំនួន៥៧២នាក់ ក្នុងបរិវេណអនុវិទ្យាល័យមោងឫស្សី នាពេលព្រឹក និងពេលរសៀល នៅស្រុករុក្ខគិរី ចំនួន២៤៨នាក់ នៅក្នុងបរិវេណសាលាស្រុករុក្ខគិរី សរុបរួមចំនួន៨២០នាក់។

នៅក្នុងពិធីនោះ លោកប្រធាន បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ៣ខេត្ត និងបានលើកឡើងពីសមិទ្ធផលរបស់ ស.ស.យ.ក.ខេត្ត រយៈពេល៧ឆ្នាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិរយៈកាលកន្លងទៅនេះ។

លោកក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក.ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ថវិកា សំភារៈ និងសាមគ្គីគ្នាជាថ្លុងមួយ ជាខ្មែរតែមួយ ទើបស.ស.យ.ក.ខេត្ត អាចសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមកនេះ និងសំណូមពរដល់សមាជិក សមាជិកាបន្តការចូលរួមជាមួយ ស.ស.យ.ក.ខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការអភិវឌ្ឍជាតិ មាតុភូមិរបស់យើង និងបានសំណូមពរ ឱ្យបងប្អូនដែលគ្រប់អាយុបោះឆ្នោតទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងជំរុញក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅបោះឆ្នោតដើម្បីទទួលបាននូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំខាន និងគ្រប់ៗគ្នា។

ក្នុងឱកាសនោះ សមាជិក សមាជិកាទាំង៨២០នាក់ ដែលចូលរួមកម្មវិធីនាឱកាសនោះ ទទួលបានថវិកាមួយចំនួន ដែលជាប្រាក់ឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវផងដែរ៕