(ពោធិ៍សាត់)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរមីន បានរៀបចំពិធីអបអរសាទរការប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ជាក្រុងស្រុកអស់មីន ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ពិធីប្រកាសនេះ មានកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងមានការចូលរួមពីតំណាងរាស្រ្ត អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោករដ្ឋមន្រ្តី បានលើកឡើងថា ទោះបីសង្រ្គាមផ្ទៃក្នុងត្រូវបានបញ្ចប់ហើយ សន្តិភាពកើតមានក៏ពិតមែន ប៉ុន្តែវត្តមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតែបន្តជាឧបសគ្គ និងជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។ ខេត្តពោធិ៍សាត់ គឹជាខេត្តមួយធ្លាប់រងគ្រោះដោយសារសង្រ្គាមយ៉ាងធ្ងន់ធ្ងរ ហើយគិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ មានជនរងគ្រោះចំនួន ៣៩៣៥ នាក់ ស្មើនឹង ៦,០៥% និងជាប់ចំណាត់ថ្នាក់ទី៥ នៃគ្រោះថ្នាក់ទូទាំងប្រទេស បន្ទាប់ពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងចំណោមជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៦៥០២៥នាក់។
លោករដ្ឋមន្រ្តី បានបន្តទៀថា តាំងពីចាប់ផ្តើមស្តារ ការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្រ្តជាតិសំខាន់ៗ ព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ នៅតាមបណ្តាប្រទេសដែលកំពុងជួបប្រទះនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងឱកាសនោះលោក ស៊ុយ សែម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន ដែលបានបំពេញការងារទទួលជោគជ័យប្រកបទៅដោយផ្លែផ្ការ ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវ សមត្ថភាពលើការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ សប្បុរសជននានា និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលតែងតែជួយដល់រាជរដ្ឋាភិបាល ផ្តល់នូវការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំនេះ។
ក្នុងរបាយការណ៍របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា ខេត្តពោធិ៍សាត់ ចាប់ពីឆ្នាំ ១៩៩៣ គ្រាប់មីនប្រឆាំងមនុស្សចំនួន ៨៨.៧២៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤១៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៧៩.៣៨៦ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល ក្នុងទំហំផ្ទៃដីប្រមាណជា ៥៤.៩១៤.១២៦ ម៉ែត្រក្រឡា ស្មើនឹង ៨៨៥ ចម្ការមីន/គ្រាប់ ដោយប្រតិបត្តិករចំនួន ៥ រួមមាន៖ ស៊ីម៉ាក់ កងកម្លាំងរក្សាសន្តិភាព Halo Trust, MAG និងអង្គការដោះមីនកម្ពុជា (CSHD)។ ក្នុងនោះ ផ្ទៃដីមានមីន/គ្រាប់នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ដែលត្រូវប្រកាសអស់មីន ចំនួន ៨.៦៨៩.១៦៥ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣.៩៩៣ គ្រាប់ មីនប្រឆាំងរថក្រោះ ៥៥ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៣.៣៦៦ គ្រាប់។
ទេសរដ្ឋមន្រ្តី បានលើកឡើងថា ទោះបីបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹង ក្នុងក្រុងស្រុកចំនួន ៤ និងត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់ នៅសល់ស្រុកចំនួន ០៣ ទៀត កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមមាន ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែង និងស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០.០៤៩.៥៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៨៣ ចម្ការមីននិងគ្រាប់ និងតំបន់សង្ស័យថ្មីៗមួយចំនួនទៀត ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃ ដោយអាជ្ញាធរមីន។
ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ និងផ្សេងៗ ២៤ ភាគរយ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម។ ប៉ុន្តែ ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា ១៨៨៥ គីឡូម៉ែត្រក្រឡា ស្មើនឹង ១២.៦០៧ ចម្ការមីន/គ្រាប់ និងមានប្រជាពលរដ្ឋជាង ១,១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនេះ។ ក្នុងនោះ ផ្ទៃដីមានមីន ៥៦៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៩២០ ចម្ការមីន ដែលកម្ពុជា មានមហិច្ឆតាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ។ ដោយឡែក ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមចំនួន ៧២៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៥១៤ ចម្ការគ្រាប់ និងផ្ទៃដីសង្ស័យមានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៩៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣១៧៣ ចម្ការគ្រាប់ យើងនឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីន។
សម្រាប់ឆ្នាំ២០២៣នេះ ដោយមានការតាំងចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ផ្ទៃដីមានមីនប្រមាណជា ៣៥៦ គីឡូម៉ែត្រក្រឡា ត្រូវបានរៀបចំផែនការបោសសម្អាត។ កម្ពុជា នឹងមានរាជធានីខេត្តចំនួន ១៨ ត្រូវប្រកាសអស់មីន ហើយក្រោយឆ្នាំ២០២៣ កម្ពុជាអាចនឹងនៅសល់ផ្ទៃដីមានមីន ដែលបានដឹងខេត្តចំនួន ០៧ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានបញ្ហាមីនស្មុគស្មាញ និងហានិភ័យខ្ពស់៕