(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានតែគណបក្សប្រជាជនតែមួយគត់ មានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍជាតិ និងបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ។

សម្តេចបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះបានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការបងប្អូននារី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃ ស្រុកស្វាយជ្រំទាំងអស់ ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆ្នៃប្រឌិត នូវទិសដៅភារកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងទិសដៅភារកិច្ចរបស់សមាគមនារី និងគណៈចលនាស្ត្រីសម្រេចបានជោគជ័យ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការអាទិភាពសំខាន់ៗដែលបានដាក់ចេញ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធនឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ សម្តេចកិត្តិបណ្ឌិត ក៏បានបន្តទៀតថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ជាតិ និងបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូននារី ត្រូវខិតខំសិក្សាស្វែងយល់បង្កើនចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័ន និងអប់រំបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន និងជំរុញដល់បងប្អូននារីយើង ក្រុមគ្រួសារ ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើមី្បទទួលបាននូវកិច្ចអភិវឌ្ឍន៍ជាតិមាតុភូមិទៅថ្ងៃអនាគត៕