(កំពង់ចាម)៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ចាម បានអះអាងថា ដោយសារមាននយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានា ដែលបានសាងសង់ចំណាយទឹកប្រាក់អស់ជាង៩លានដុល្លារ ក្នុងសង្កាត់សំបូរមាស និងសង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ខេត្តកំពង់ចាម បាននិងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលសមិទ្ធផលទាំងនោះហើយបាននិងកំពុងជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាបន្តបន្ទាប់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រុងកំពង់ចាម សង្កាត់សំបួរមាស និងសង្កាត់វាលវង់ សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់សំបួរមាស និងសង្កាត់វាលវង់ ចំនួន៣២គម្រោង ដោយចំណាយថវិកាប្រមាណ ៣៧,៧៤៤លានរៀល ស្មើនឹង៩,៣១៩,៥០៦ដុល្លារ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជា ទទួលនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិឡើងវិញ លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ជាពិសេសធនធានមនុស្ស។
លោកបានបន្ដថា ប្រជាជនកម្ពុជាច្រើនលើសលុប បានដឹង និងបានយល់ពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាជនខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្រ្គាម និងទឹកភ្នែកពីការកាប់សម្លាប់ខ្មែរគ្នាឯង បំផ្លិចបំផ្លាញវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេស។ នេះជាមូលហេតុដ៏សំខាន់ ដែលគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ក្នុងការការពារប្រទេសជាតិ និងប្រជាជន ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបន្ថែមថា ជាការពិតយើងទាំងអស់គ្នាមើលឃើញច្បាស់ថា សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព នេះគឺជាអំណោយផលដ៏វិសេសវិសាល ឲ្យយើងអាចជំរុញការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។ ដូច្នេះត្រូវគោរពស្រឡាញ់ដឹងគុណ និងអរគុណ សន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ ដែលបានធ្វើឲ្យប្រទេសជាតិសុខសប្បាយ៕