(សៀមរាប)៖ ក្នុងពិធីបើកកិច្ចប្រជុំពាក់ព័ន្ធជនពិការភាព និងជនអនាថា អ្នកសុំទាន នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ជំរុញស្ថាប័នរដ្ឋ និងឯកជន ត្រូវតែរៀបចំឲ្យមានជណ្តើរសម្រាប់ជនពិការឡើងចុះ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះជនអនាថា និងអ្នកសុំទានផងដែរ។
លោក នាក់ ណេរ៉ុន ជំរុញឲ្យរដ្ឋបាលក្រុងសៀមរាប អធិការដ្ឋាននគរបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងអង្គការដៃគូរពាក់ព័ន្ធ ត្រូវស្រង់ស្ថិតិជនអនាថា និងអ្នកសុំទាន ជនមានពិការភាព និងជនវិបល្លាស ស្មារតី ឲ្យបានគ្រប់គ្រាន់ទៅតាមអ្វីដែលយើងអាចធ្វើបាន។
យោងតាមការអង្កេតរបស់ក្រុមការងារកន្លងមក ក្នុងនោះដែរ មានចំនួនសរុប ២១០នាក់ (ស្រី១៣០នាក់ ) ហើយមានកុមារចំនួន ១៤៣នាក់ (កុមារី ៥១នាក់ ស្មើនឹង ១៩៨គ្រួសារ ជាគ្រួសារចំណាកស្រុកមករស់នៅ បណ្ដោះអាសន្ន និងជនអនាថា ប្រកបមុខរបរសុំទាន អូសរទេះ រើសអេតចាយ និងដើរតាមចិញ្ចើមថ្នល់ ឬផ្លូវសាធារណៈជាមួយកុមារ និងយុវជន ប្រើប្រាស់សារធាតុគ្រឿងញៀនផងដែរ។
លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុមការងារបានធ្វើ គឺគិតត្រឹមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមលេខាធិការដ្ឋានបានទទួល និងបញ្ចូនជនអនាថា និងអ្នកសុំទានសរុបចំនួន៤៨នាក់ ស្រីចំនួន២៣ ក្នុងនោះដែរ មានពិការ០២នាក់ (កុមារ០៩នាក់ ស្រី០៣នាក់)។
ដោយឡែក មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក៏បានបញ្ជូនជនអនាថានេះ ទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀននៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប សរុបចំនួន១៣នាក់ ស្រី០២នាក់ នឹងបានបញ្ជូនជនវិបល្លាសស្មារតី ទៅមជ្ឈមណ្ឌលថែទាំស្តារនីតិសម្បទាជនវិបល្លាសស្មារតី នៅភូមិបាគួរ ឃុំបាគួរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន១៧ស្រីចំនួន០៥នាក់ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា បញ្ហាប្រឈមជាមួយជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី មានការកើនឡើងមកពីតាមបណ្តារាជធានី-ខេត្តនានា យើងពុំទាន់មានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ជនអនាថា អ្នកសុំទានមុនពេលបញ្ជូនទៅសហគមន៍វិញ ដែលជាហេតុធ្វើឱ្យការធ្វើអនុវត្តការងារពុំទាន់ទទួលបានជោគជ័យនៅឡើយទេ។ ហើយរាល់ការបញ្ជូនជនអនាថា និងអ្នកសុំទានមកមជ្ឈមណ្ឌលសំចតសង្គមកិច្ចខេត្ត បានស្នើឲ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប ឬប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវបំពេញលិខិត ប្រគល់ទទួលផ្លូវការជាមួយមជ្ឈមណ្ឌលសំចតសង្គមកិច្ច ស្របតាមលិខិតបទដ្ឋានគតិយុត្តនានាជាដើម។
ជាមួយនេះដែរ រដ្ឋបាលក្រុង-ស្រុក អធិការដ្ឋាននគរបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បន្តកិច្ចសហការ រាល់ការបញ្ជូនចូល និងចេញ (អ្នកសុំទាន ជនអនាថា និងជនវិបល្លាសស្មារតី)ឱ្យបានល្អប្រសើរ។ ហើយរាល់ការបញ្ជូនជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីចូលមកមជ្ឈមណ្ឌលសំចតសង្គមកិច្ច ខេត្តសៀមរាប ស្នើស្នងការដ្ឋាននគរបាលខេត្ត ឬអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ ធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្កភាពងាយស្រួលដល់មន្ត្រីប្រចាំការអនុវត្តតួនាទី ភារកិច្ចបន្តផងដែរ៕