(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលមានការរីករាយ និងសូមស្វាគមន៍ចំពោះវិស័យឯកជន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ព្រោះធនធានរបស់រាជរដ្ឋាភិបាលមានកំណត់។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា បើមានការចូលរួមពីវិស័យឯកជននោះ ពិតជាការល្អ រួមគ្នាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតទៅលើសិស្សានុសិស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ឈានដល់ការបញ្ចប់ថ្នាក់ឧត្តមសិក្សា។
បើតាមការគូសបញ្ជាក់របស់សម្ដេច ទៀ បាញ់ នៅក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលអាណត្តិទី៦នេះ បានកំណត់យកអាទិភាពចំនួន៤ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង» ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទីមួយ គឺការអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើនគុណភាពអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើគុណភាព នៃការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិតទាំងក្នុងគ្រឹះស្ថានរដ្ឋ និងឯកជន សំដៅលើកកម្ពស់សមត្ថភាព គុណវុឌ្ឍគ្រូបង្រៀន និងបន្តអភិវឌ្ឍន៍កម្មវិធីសិក្សា តាមនិន្នាការថ្មី, ពង្រឹងការគ្រប់គ្រងសាលារៀន និងទំនាក់ទំនងជិតស្និទ្ធរវាងសាលាជាមួយមាតាបិតាសិស្ស, ពង្រឹងការប្រឡង និងវាយតម្លៃលទ្ធផលសិក្សាសិស្សថ្នាក់ជាតិ អន្តរជាតិ និងបង្កើនការសិក្សាស្រាវជ្រាវ។
ក្នុងឱកាសនោះ សម្ដេចបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាមានជ័យ នាពេលនេះ រួមទាំងការខិតខំបង្ហាត់បង្រៀនសិស្សានុសិស្ស ទាំងភាសាខ្មែរ និងភាសាបរទេស សិក្សាទៅមុខទៀត សិស្សានុសិស្សនឹងក្លាយជាធនធានមនុស្សទទួលបានចំណេះដឹង ចំណេះធ្វើ សម្រាប់ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់បន្តវេន កសាង ការពារ អភិវឌ្ឍន៍សង្គមជាតិឲ្យឆ្លើយតបបានទៅនឹងបរិបទនៃការវិវត្តក្នុងតំបន់ និងពិភពលោក។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា សិស្សានុសិស្សទាំងអស់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នាពេលអនាគត ក្នុងការលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការប្រទេសជាតិ ដែលជាការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មាតាបិតាអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការៀនសូត្រដល់សិស្សានុសិស្ស តាមគ្រប់ស្ថានភាពប្រទេសជាតិរីកចម្រើនឥតឈប់ឈរ។
បន្ថែមពីនេះ សម្ដេច ទៀ បាញ់ ក៏បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ចូលរួមគាំទ្រវិស័យអប់រំឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍន៍
សាលារៀន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាពដល់វិស័យឯកជន ដែលមានជំនឿទុកចិត្តចំពោះរាជរដ្ឋាភិបាល បានវិនិយោគទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស និងនវានុវត្តន៍នៅកម្ពុជា៕