(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា កត្តាដែលកម្ពុជាយើងអាចប្រារឰពិធីបុណ្យទានផ្សេងៗបាន គឺដោយសារកត្ដា សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើននៅគ្រប់មូលដ្ឋានឃុំ ស្រុក ខេត្តទាំងអស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានដូចជា វត្តអារាម ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម ដែលនេះ បង្ហាញឱ្យឃើញពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ លំដាប់ថ្នាក់ទាំងអស់។
លោកថា «កត្តាប្រទេសមានសុខសន្តិភាពដូចសព្វថ្ងៃនេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយើងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតបានដោយសេរី និងមានឱកាសពេញលេញក្នុងការគាំទ្រ និងគោរពប្រតិបត្តិ ដល់គ្រប់ជាតិសាសន៍ទាំងអស់។ ពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនឡើងតាមរយៈ ការចូលរួមធ្វើបុណ្យទានទាំងអស់គ្នាក្នុងការការកសាងនូវសមិទ្ធផលនានា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ផងដែរ។ ហើយការជួបជុំ ធ្វើបុណ្យទាននេះដែរគឺបានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋជួបជុំគ្នាជាមួយបងប្អូន កូនចៅនៅគ្រប់មូលដ្ឋានទាំងអស់ ជាក់ស្តែងថ្ងៃនេះយើងបានជួបជុំដើម្បី ធ្វើបុណ្យទានរួមគ្នាដោយមិនមានការភ័យខ្លាចដូច សម័យអតីតកាលគឺប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នងដែលរបបនេះបានធ្វើឱ្យប្រជាជនកម្ពុជាយើងគ្រប់រូបមិនអាចបំភ្លេចបានឡើយ»។
លោក វង សូត បានអបអរសាទរចំពោះពិធីប្រកាសជាផ្លូវការនូវឋានន្តរស័កិ្តដល់ព្រះអនុគណស្រុកពញាក្រែក នាឱកាសនេះគឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីព្រះមេគណខេត្តត្បូងឃ្មុំសម្រាប់ការគ្រប់គ្រងមន្ដ្រីសង្ឃ ព្រះសង្ឃតាមឋានានុក្រម និងច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា។
លោក វង សូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ពិតជាបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។ ជាក់ស្ដែងក្រោមគោលនយោបាយ និងយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចតេជោក្នុងយុទ្ធនាការស្វែងរកវ៉ាក់សាំងដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចាប់ពីដូសទី១ រហូតដូសជម្រុញបន្តបន្ទាប់ និងការពិនិត្យព្យាបាលដោយដោយមិនយកប្រាក់ផងដែរ។ ហើយទន្ទឹមនោះដែរសម្ដេចតេជោ បានគិតគូរនិងយកចិត្តទុកដាក់ចំពោះពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងពលរដ្ឋរងគ្រោះដោយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ឱ្យទទួលប័ណ្ណសមធម៌ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានមួយកម្រិតថែមទៀតផង។
រដ្ឋមន្ដ្រីក៏បានរំលឹកបន្ថែមថានៅពេលខាងមុខនេះ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រទេសកម្ពុជាយើងនឹងឈានដល់ការ ព្រឹត្តិការណ៍ដ៏សំខាន់មួយគឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋយើងទាំងអស់សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕