(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១នាក់ ដើម្បីចូលរួមសង្កេតមើលដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ គ.ជ.ប បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិជាង៧ម៉ឺននាក់នេះ មកពី៦៥សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស សរុបចំនួន៣រូប មកពី២ស្ថាប័ន។
គ.ជ.ប បានអះអាងទៀតថា នៅពេលនេះ ខ្លួនកំពុងពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេសមួយចំនួនទៀត។
គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចូលរួមចំនួន១៨គណបក្ស៕