(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលប្រកបរបរកម្មករអ្នកបោសសម្អាត ជាអ្នកលីសែងទំនិញ សន្តិសុខ អ្នករត់ម៉ូតូឌុប និងអ្នកធាក់ស៉ីក្លូនៅផ្សារអូរឫស្សី ប្រមាណ១០០នាក់ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ៧មករា។ លោក ថេង សុថុល បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែ។ លោកអភិបាលខណ្ឌ៧មករា បន្តទៀតថា ការផ្ដល់អំណោយជូនដល់បងប្អូនខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈពេលបងប្អូនកំពុងជួបការខ្វះខាត។
នាឱកាសសំណេះសំណាលនេះដែរ លោក ថេង សុថុល បានលើកឡើងថា បងប្អូនកម្មករ កម្លាំងសន្តិសុខ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមសហការ គ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច។
លោកអភិបាលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកម្លាំងសន្តិសុខទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យផ្សាររបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព ជូនដល់អតិថិជនចេញចូលផ្សារ ដោយរីករាយ មិនមានភ័យខ្លាច។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូន ត្រៀមលក្ខណៈ ត្រៀមឯកសារ ដើម្បីអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានលេខរៀងទី១៨ និងដើម្បីបន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕