(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់សាលាក្តីខ្មែរក្រហម ពិធីចុះហត្ថលេខាទៅលើអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានធ្វើឡើងរវាងសាលាក្តីខ្មែរក្រហម តំណាងដោយលោក ក្រាញ់ តូនី រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. និងសាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ) តំណាងដោយ លោក សុខ ឃន សាកលវិទ្យាធិការ និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) របស់អង្គការ GIZ/CPS តំណាងដោយលោកស្រី Sadie O' Mahoney អ្នកសម្របសម្រួលកម្មវិធីថ្នាក់តំបន់។

គួរបញ្ជាក់ផងដែរថា ការចុះអនុស្សារណៈយោគយល់នេះ មានគោលបំណងចំនួន៤៖

១-ដើម្បីជំរុញការផ្សព្វផ្សាយ បណ្ណសារស្តីពីសំណុំរឿងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ក្នុងវិស័យឧត្តមសិក្សា។

២- ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គម និងការរួមបញ្ចូលមុខវិជ្ជាស្ដីពី ECCC ទៅក្នុង បរិញ្ញាបត្រជំនាញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍។

៣- សហការ និងសម្របសម្រួលក្នុងការអភិវឌ្ឍន៍ និងការអនុវត្តឧបករណ៍ និងវិធីសាស្រ្តសិក្សាបែបអប់រំជាក់ស្តែង និងបែបចូលរួមសម្រាប់គ្រូបង្រៀន អ្នកសិក្សា និងអ្នកស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រសង្គម រួមទាំងការសិក្សាអំពីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបទពិសោធន៍សិក្សាក្រៅថ្នាក់រៀនស្ដីពី ECCC ។

៤- ដើម្បីលើកទឹកចិត្តការផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្មសិក្សា និងឱកាសសិក្សាស្រាវជ្រាវ ពីប្រភពឯកសារប្រវត្តិសាស្ត្រខ្មែរក្រហមផ្សេងៗទៀត ដូចខាងក្រោម៖ និស្សិតថ្នាក់បរិញ្ញាបត្រ ជាពិសេសបរិញ្ញាបត្រផ្នែកសិក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព អ្នកស្រាវជ្រាវមហាវិទ្យាល័យ និងសាស្ត្រាចារ្យដែលអនុវត្តការបង្រៀន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាការបង្ហាញឱ្យឃើញពីសារៈសំខាន់ ដើម្បីសម្រេចបានបេសកកម្ម និងចក្ខុវិស័យ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ និងសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងផ្ដល់អោយនិស្សិតជំនាញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងជំនាញនីតិសាស្រ្តបានស្វែងយល់អំពី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលផ្ដល់ការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងស្របតាមនិយាមយុត្តិធម៌អន្តរជាតិ ដោយមានការប្រើប្រាស់ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ដែលនាំយុត្តិធម៌ជូនប្រជាជនកម្ពុជា ពង្រឹងនីតិរដ្ឋនៅកម្ពុជា និងលើកកម្ពស់ការផ្សះផ្សាជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ថែមទាំងផ្ដល់ជាប្រយោជន៍ដល់និស្សិតជំនាញ ពាក់ព័ន្ធផ្សេងៗទៀត ក្នុងមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ដូចជាជំនាញចិត្តវិទ្យា ជំនាញអភិវឌ្ឍន៍សហគមន៍ និងតំបន់ ជំនាញរដ្ឋបាលសាធារណៈ និងអភិបាលកិច្ច និងកម្មវិធីផ្សេងៗក្នុងការសិក្សាស្រាវជ្រាវ និងវិធីសាស្រ្តសិក្សាតាមបែបការចូលរួម។ ចំណែកឯនៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិត ក៏អាចធ្វើការសិក្សាស្រាវជ្រាវ តាមរយៈការចូលទៅកាន់បណ្ណាសាររបស់អ.វ.ត.ក.ផងដែរ៕