(តាកែវ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជំរុញដល់មន្ដ្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្ដបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតរួចឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកិត្តិនាមដ៍ល្អផូរផង់របស់ប្រទេសជាតិ។

សារជំរុញរបស់លោករដ្ឋមន្ដ្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលមានទីតាំងស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងនោះក៏មានការចូលរួមពី លោក អ៊ូច ភា អភិបាលខេត្ត, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម និងប្រតិភូអន្តរជាតិ មកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ខេត្តអាងយ៉ាង ប្រទេសវៀតណាម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត គណៈកម្មាការសាងសង់ ភាគីឯកជន មន្ទីរ-អង្គភាពពាក់ព័ន្ធ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលបានសហការគ្នាយ៉ាងល្អរហូតសម្រេចបាននូវ សំណង់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ថ្មីមួយទៀត ដើម្បីរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសជាតិផង និងបង្កើនភាពសុខដុមជូនប្រជាពលរដ្ឋផង ហើយក៏ជាសមាសភាគរួមផ្សំមួយ បង្ហាញពីភាពរីកចម្រើនជាបន្តបន្ទាប់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្ត ស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងប្រជាជនកំពុងរស់នៅយ៉ាងសុខសាន្ត។

លោករដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ (ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ) ការចុះបញ្ជីក្រមហ៊ុន-សហគ្រាស (តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា) ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ការពង្រឹងតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចេញនាំចូល ការបន្តធ្វើពិពិធកម្មទីផ្សារ និងផលិតផលរបស់កម្ពុជា រួមទាំងការសម្របសម្រួល និងបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចប្រកបដោយអំណោយផល, ការអង្កេតតាមដាន និងត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា សំដៅការពាអ្នកប្រើប្រាស់ លើកកម្ពស់នូវការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងវិស័យពាណិជ្ជកម្ម ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប.។

លើសពីនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដោយសម្រេចបានជោគជ័យត្រចះត្រចង់ជាប្រវត្តិសាស្ត្រ មានជាអាទិ៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) ព្រមទាំងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក។ លោកបន្ថែមថា បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗ ជាសកល ក៏ដោយក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនឡើងគួរកត់សម្គាល់។

លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ លើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាសកលនូវភាពជោគជ័យលេចធ្លោរបស់កម្ពុជា រួមមានជាអាទិ៍៖ ១៖ ជោគជ័យ នៃការប្រយុទ្ធឈ្នះជំងឺកូវីដ១៩ និងការពុះពារដោះស្រាយផលវិបាកសង្គមបង្កឡើងដោយជំងឺកូវីដ១៩, ២៖ ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន, ៣៖ ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ៤៖ ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបញ្ជាក់ថា រាល់សមិទ្ធផល និងភាពជោគជ័យជាប្រវត្តិសាស្ត្រខាងលើ សុទ្ធតែកើតចេញពីផ្លែផ្កានៃសុខសន្តិភាព, បើគ្មានសុខសន្តិភាពនោះទេ យើងនឹងត្រូវបាត់បង់គ្រប់អ្វីៗទាំងអស់។ ហេតុដូច្នេះយើងទាំងអស់គ្នាសូមចងចាំ និងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទាំងអស់គ្នា ជាពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានបន្តថែរក្សាការពារ សុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានអរគុណចំពោះអាជ្ញាធរខេត្ដតាកែវដែលតែងផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានស្នើដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខា ក.ប.ប ខេត្ត បន្តដើរតួនាទីលើការជួយផ្សព្វផ្សាយ និងចែករំលែកអំពីព័ត៌មានទីផ្សារ ក្តាប់ និងតាមដានការវិវត្តន៍ នៃស្ថានភាពទីផ្សារ ការផ្តល់សេវាពាណិជ្ជកម្មនានា សម្រាប់ជួយគាំទ្រដល់វិស័យឯកជនឲ្យកាន់តែប្រសើរឡើងថែមទៀត៕