(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌ បានបន្តដឹកនាំ មន្ត្រីក្រោមឱវាទនាំយក អំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះចំនួន១០១គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ នៅសង្កាត់ស្វាយប៉ាក។
ការសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំង១០១គ្រួសារ របស់ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបន្ទប់ជួល ក្នុងសង្កាត់ស្វាប៉ាក ខណ្ឌប្ញស្សីកែវ ដោយមានការរួមដំណើរ ពីលោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌ ចៅសង្កាត់លោក ហ៊ូ សាម៉ន និងក្រុមយុវជន ស.ស.យ.ក និងនិស្សិតអាហា រូបករណ៍ សម្ដេចតេជោ ព្រមទាំងសមាជិកសមាជិកា នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ជាច្រើននាក់ផងដែ។
ថ្លែងនាឱកាសនោះលោក ជា ពិសី បានលើកឡើងថា ពីការយកចិតទុកដាក់ខ្ពស់ និងណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឲ្យអាជ្ញាធរខណ្ឌឫស្សីកែវយើង បាននាំយកអំណោយទាំងនេះ មកប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋដើម្បីចូ លរួមកាត់បន្ថយការលំបាកមួយចំនួន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមគ្រួសារនីមួយៗផងដែរ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋទាំងអស់បានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះថ្នាក់ដឹកនាំខណ្ឌ ដែលមានលោក ជា ពិសី ជាអភិបាល ដែលជានិច្ចជាកាលលោកតែងតែឆ្លៀតពេល ដោយពុំគិតពីថ្ងៃសៅរ៍ឬអាទិត្យ ដែលជាថ្ងៃឈប់សម្រាកពីការងារឡើយ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមកចែកជូនជាបន្តបន្ទាប់ចំពោះប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះដែលកំពុងជួបការ ខ្វះខាតយ៉ាងខ្លាំងក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ឬនិន្នាការនយោបាយឡើយ។
លោក ជា ពិសី បានបញ្ជាក់ថា អំណោយដែលអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកមកឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋ នាពេលនេះរួមមាន៖ អង្ករ៥០៥គីឡូ ទឹកត្រី១០១ដប ទឹកស៊ីអ៊ីវ១០១ដប ស្ករស១០១គីឡូ និងមី៤០៤កញ្ចប់។
ដោយឡែក លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានឧបត្ថម្ភជូនបងប្អូន ប្រជាពលរដ្ឋ ទាំង១០១គ្រួសារ ជាក្រណាត់ចំនួន៤១ដុំផងដែរ៕