(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ «ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នក គឺធ្វើឲ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក»។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកឧកញ៉ា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ ១៥០នាក់។ កម្មវិធីនេះ រៀបចំធ្វើឡើង នាទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភី ទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឲ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។

លោករដ្ឋមន្រ្តី បានបន្តថា វិស័យប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយបានដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងរហូតដល់ជនបទ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់ពិតជាទទួលបានបទពិសោធន៍ល្អៗ តាមរយៈការចូលរួមការប្រកួតប្រជែងនេះ ដែលជួយដល់ការបង្កើនសមត្ថភាព ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងស្រុក និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រទទួលស្គាល់ដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖
* ជ័យលាភីលេខ១ កុមារី លុយ ហ្សែនប៊ី ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ២,០០០,០០០ រៀល
* ជ័យលាភីលេខ២ កុមារី ទិត ទេពី ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ១,២០០,០០០ រៀល
* ជ័យលាភីលេខ៣ កុមារី យ៉ុន កន្និកា ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ៨០០,០០០ រៀល
* និង ជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រ១ កាបូប១ ថវិកាចំនួន ២០០,០០០ រៀល។

សូមជម្រាបជូនថា ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍ និងបញ្ញើឆាប់រហ័ស។

ក្រោយពីពិនិត្យវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ១០៥រូប ដែលបានផ្ញើមកតាមរយៈសេវាប្រៃសណីយ៍រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេ និងសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជនគណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។

សម្រាប់បេក្ខជនជ័យលាភីលេខ១ ត្រូវជ្រើសរើសបន្តឲ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេស១៩២ នៅលើពិភពលោក។ ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុងអំឡុងទិវាប្រៃសណីយ៍ពិភពលោក (World Post Day) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕