(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១៣ វគ្គនាយទាហានបន្តវនជំនាន់ទី១៤ និងវគ្គពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យកងឯកភាព កងកិត្តិយស ត្រែទ័ព នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលចំនួន៣វគ្គ ស្របពេលតែមួយ ដែលរួមមានវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១៣ វគ្គ្កហ្វឹកហ្វឺននាយទាហាន បន្តវេន ជំនាន់ទី១៤ និងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌ កងឯកភាព កងកិត្តិយស ត្រែទ័ព ដែលមានសិក្ខាកាមជានិស្សិតនាយទាហានទើបប្រលងជាប់ចូលជានាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចូលហ្វឹកហ្វឺនសរុប ១០០នាក់ មានរយៈពេលហ្វឹកហ្វឺន៤ឆ្នាំ លើខ្លឹមសារមេរៀន ចំណេះដឹងយោធា.ចំណេះដឹងវប្បធម៌ទូទៅ ចំណេះដឹងឯកទេស និងការអនុវត្តការងារផ្សេងៗ។

សម្រាប់វគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ជំនាន់ទី១៤ មាននិស្សិតជានាយទាហានចូលហ្វឹកហ្វឺនចំនួន ១៥០នាក់ មានរយៈពេលហ្វឹកហ្វឺន ៦ខែ លើខ្លឹមសារមេរៀន ចំណេះអត់ដឹងយោធា ចំណេះដឹងអប់រំចិត្តសាស្រ្ត និងការងារផ្សេងៗ។ ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌ កងឯកភាព កងកិត្តិយស ត្រែទ័ព មានសិក្ខាកាមចូលហ្វឹកហ្វឺនសរុប ១៥០នាក់ មានរយៈពេលហ្វឹកហ្វឺន ៣ខែ លើខ្លឹមសារមេរៀន ចំណេះដឹងយោធា អប់រំចិត្តសាស្ត្រ និងការងារត្រៀមបម្រុងផ្សេងៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាព សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព, សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់រស់រានមានជីវិតឡើងវិញ រួមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដែលប្រជាជនកម្ពុជា ទទួលបានដូចបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានគូសបញ្ជាក់ពីស្ថានការណ៍សកលលោក នាពេលបច្ចុប្បន្ន ដែលស្ថិតក្នុងចរន្តសកលភាវូបនីយកម្ម ពោរពេញដោយការប្រកួតប្រជែងផ្នែកចំណេះដឹង និងបច្ចេកវិជ្ជា ដែលកត្តានេះ កងយោធពលខេមរភូមិន្ទ ក៏ត្រូវខិតខំកសាងធនធានមនុស្ស ដែលមានវ័យក្មេងៗ ប្រកបដោយគុណភាព សមត្ថភាព និងជំនាញផងដែរ ដើម្បីតាមទាន់ចរន្តតំបន់ និងពិភពលោក សម្រាប់វិស័យការពារជាតិរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ យោធាចារ្យ ពិសេសវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវម្ចាស់ការហ្វឹកហ្វឺនលើគ្រប់ជំនាញ ក្នុងវិទ្យាស្ថានរបស់ខ្លួន ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ការបណ្តុះបណ្តាលយោធិនបច្ចេកទេសជំនាញ ការកសាងនាយទាហានវ័យក្មេងសម្រាប់បន្តវេន ដែលជាកត្តាគន្លឹះនៃការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាព ការកែទម្រង់កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងការងារហ្វឹកហ្វឺននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ ក្នុងវិទ្យាស្ថានទ័ពជើងគោក ដែលកន្លងមកបានសហការគ្នាយ៉ាងល្អជាមួយគ្រប់ស្ថាប័នជំនាញរបស់កងយោធពលខេមរភូមិន្ទ ពិសេសជាមួយក្រុមអ្នកជំនាញការចិនប្រចាំវិទ្យាស្ថាន ក្នុងការកែលម្អកម្មវិធីសិក្សា លើកគ្រប់កម្មវិធី ខ្លឹមសារមេរៀន សម្ភារៈឧប្បទេស នឹងបានដំណើរការដោយជោគជ័យ តាមផែនការកំណត់លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលលើគ្រប់ជំនាញ ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទរបស់យើង ឲ្យកាន់តែមានសមត្ថភាព និងគុណភាព លើភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើគ្រប់ជំនាញដែលក្នុងនោះភារកិច្ច នៃការបណ្តុះបណ្តាលជំនាញ ឲ្យដល់នាយទាហានវ័យក្មេងសម្រាប់បន្តវេនលើវិស័យការពារជាតិ គឺទាមទារត្រូវការប្រមូលផ្ដុំប្រភពធនធានមនុស្ស ដែលប្រកបដោយគុណភាព មានឆន្ទៈ មានមនសិកាស្នេហាជាតិ មានលក្ខណៈសម្បត្តិ អត្តចរិតល្អ ស្គាល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្រ្ត ភាសា និងកិច្ចការបរទេស យល់ដឹងផ្នែកច្បាប់ ផែនទី ឋានលេខា និងមានកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក ដើម្បីដោះស្រាយបានបញ្ហាប្រឈមនានា ដោយសន្តិវិធីនៅពេលដែលនាយទាហានទាំងចេញពីសាលាទៅ បំពេញការងារតាមបណ្តាអង្គភាព កងយោធពលខេមរភូមិន្ទ ក្លាយជាថ្នាក់ដឹកនាំ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រដុះខាត់ផ្នត់គំនិត នៅក្នុងសាលាឬវិទ្យាស្ថាននេះ ដោយគោរពឲ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរ ជាកងយោធពលខេមរភូមិន្ទដែលប្រសូតចេញពីប្រជាជន។ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ និងគោរព ការពារដាច់ខាត រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈរាស្រ្ត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា នេះគឺជាមោទនភាពខ្ពស់បំផុតរបស់ប្រទេសជាតិ និងកងយោធពលខេមរភូមិន្ទ មានយោធិនវ័យក្មេង ហើយជំនាញ ប្រកបដោយគុណភាព សមត្ថភាពខ្ពស់សម្រាប់បន្តវេន ឱ្យវិស័យការពារជាតិ ទឹកដីរបស់កម្ពុជា ពីព្រោះថាកងទ័ព គឺជាធនធានមនុស្ស ដែលប្រកបដោយមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្ដេជ្ញាចិត្ត ប្ដូរផ្ដាច់ការពារអធិបតេយ្យភាព បូរណភាពទឹកដី រួមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹងការត្រៀមខ្លួនបូជាលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិទឹកដី និងប្រជាជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភថវិកាដល់វិទ្យាស្ថានទ័ពជើងគោក ចំនួន ១០លានរៀល៕