(ភ្នំពេញ)៖ បុរសពិការដៃទាំងសងខាងដោយសារតែឆក់ខ្សែភ្លើង ចំណែកប្រពន្ធមានផ្ទៃពោះ៧ខែ រស់នៅក្នុងខ្ទមកំសត់ រស់នៅជួបការលំបាក រកមុខខ្វះក្រោយ ជាងគ្មានព្យាបាលព្យាបាលជំងឺ ថែមទាំងបារម្ភអំពីបញ្ហាកូនរៀនសូត្រផងនោះ ពេលនេះទទួលបានការជួយឧបត្ថម្ភជាស្បៀងឧបភោគបរិភោគ សម្ភារៈផ្សេងៗ រួមទាំងថវិកាចំនួន ៥លានរៀល ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាចំនួន ៥លានរៀល ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​​ ១គ្រួសារ នៅថ្ងៃទី ២០​ ខែមិថុនា ឆ្នាំ២០២៣ ដែលលោក​ ប៉ុន​ ពិសី​ អាយុ​ ៣៣ឆ្នាំ​ មុខរបរជាជាងផ្សារដែក​ រងគ្រោះដោយខ្សែភ្លើងឆក់​ធ្ងន់ធ្ងរពេលកំពុងផ្សារដែក​ បណ្តាលឱ្យដាច់ដៃទាំងសងខាង​ និង​ពឹងផ្អែកលើភរិយា​ឈ្មោះ​ សួន​ ចាន់រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរជាកម្មការិនីរោងចក្រ​ ជាអ្នកមើលថែទាំ​ ហើយកំពុងមានផ្ទៃពោះ​ ៧ខែ រស់នៅក្នុងខ្ទមកម្សត់​ ដែលសង់លើដីឪពុកចែកឱ្យ​ ស្ថិតក្នុងភូមិត្រពាំងថ្ម​ ឃុំស្រង់​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ លោកស្រីបានបញ្ជាក់ថា​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មានក្តីអាណិតអាសូរជាពន់ពេក​ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលើកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត​ដើម្បីជីវភាពគ្រួសារ​ និងអនាគតរបស់កូនៗ»

លោកស្រី​ក៏បានផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ស្អាត​ និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បើយ​។ ចំណែកឯក្មួយស្រី​ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន​ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិត​ ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។

ប្ដីប្រព្ធក្រខ្សត់នេះបានសម្តែងនូវក្តីរំភើបក្តុកក្តួលស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌​ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាព ដែលកំពុងជួបប្រទះចំពោះមុខមានដូចជា​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ សម្ភារៈចានឆ្នាំង​ និងថវិកា​ ៥លានរៀលទៀតផង។

បន្ទាប់ពីកម្មវិធីខាងលើនេះ​ លោកស្រី ម៉ែន​ នារីសោភ័គ​ និងសហការី​ រួមជាមួយក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនដល់លោកយាយឥតទីពឹងចំនួន​ ៦នាក់​ ដែលក្នុងម្នាក់ៗទទួលបាន​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ ឈុតសម្លៀកបំពាក់ថ្មី​ និងថវិកាមួយចំនួន។

លោកយាយទាំងអស់គ្នា​ មានក្តីរំភើបរីករាយ​ និងថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសូមជូនពរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ​មានសុខភាពល្អ​ អាយុយឺនយូរ​ ដើម្បីបន្តដឹកនាំប្រទេសជាតិ​តរៀងទៅ៕