(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារ នៅឃុំអណ្តូងពោធិ៍ នៅស្រុករមាសហែក។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធនារីវៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ  ដើម្បីអនុវត្តគម្រោងចែកចាយដោយឥតគិតថ្លៃនូវចង្ក្រានសន្សំសំចៃថាមពលចំនួន៣០ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន១០ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១លានដុល្លារ ដល់គ្រួសារស្ត្រីក្រីក្រ និងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឲ្យឥតគិតថ្លៃនៅខេត្តចំនួន៨គឺ មានខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ។ 

សម្តេចបានបន្តថា សម្រាប់ខេត្តស្វាយរៀងត្រូវទទួលបានចង្ក្រានសំន្សំសំចៃថាមពលចំនួន ៣២,០៧១គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០,៦៩០គ្រឿង សម្រាប់បែងចែកប្រជាជននៅទូទាំង៨ក្រុង ស្រុក ក្នុងឃុំ-សង្កាត់ទាំង ៨០។ ដោយឡែកសម្រាប់ស្រុករមាសហែកចំនួន ១២ឃុំចំនួន ទទួលបាន ៥,៧៥៦គ្រឿង។

បន្ថែមលើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីធានាការងារ និងការអភិវឌ្ឍន៍ ចូលរួមគោរពច្បាប់ចរាចរផ្លូវគោក រួមគ្នាអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាព បន្តរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល៕