(បាត់ដំបង)៖ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន អង្គការផ្នែកអភិរក្ស មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សជិត ៣០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដង្ហែក្បួនបើក និងបិទយុទ្ធនាការយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
ពិធីបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តបាត់ដំបង ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបង និងខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ប្រព្រឹត្តទៅក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួន៥គឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។
យុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តបាត់ដំបង ធ្វើឡើងក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តបាត់ដំបង ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។
យុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ ដែលបានឆ្ពោះមកកាន់ខេត្តកោះកុងនេះ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
ប្រធានយុទ្ធនាការអន្ទាក់សូន្យ បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ភាពជោគជ័យនៃយុទ្ធនាការក្នុងដំណាក់កាលទី១ កន្លងទៅនេះ ជាការបោះជំហ៊ានលើមាគ៌ាដ៏ត្រឹមត្រូវមួយ ស្របទៅនឹងផែនការយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង ការពារ និងស្តារតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីបម្រើប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានជីវភាពប្រសើរឡើង ជាពិសេសតាមរយៈសកម្មភាពអេកូទេសចរណ៍ និងជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ក្រៅពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដោយរក្សាបាននូវលំនឹងបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
អន្ទាក់ គឺជាឃាតករលាក់មុខ ហើយបាននិងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ។ អន្ទាក់បានបង្កឱ្យសត្វព្រៃមួយចំនួនបានបាត់បង់ពីក្នុងព្រៃធម្មជាតិ ខណៈកំពុងធ្វើឲ្យចំនួនសត្វព្រៃមួយចំនួនធ្លាក់ចុះ។ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានផ្តួចផ្តើម និងដឹកនាំរៀបចំឡើងដោយក្រសួងបរិស្ថានដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងវិស័យអភិរក្សធនធានធម្មជាតិ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងដើម្បីឈានទៅបញ្ចប់វិបត្តិនៃការដាក់អន្ទាក់នេះ។ ជាក់ស្តែងដំណាក់កាលទី១ នៃយុទ្ធនាការនេះត្រូវបានអនុវត្តចប់សព្វគ្រប់ក្នុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដោយបានធ្វើដំណើរក្នុងបណ្តាខេត្តនៃប៉ែកខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ។
គួររំលឹកផងដែរថា វិបត្តិអន្ទាក់មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ។ ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ របស់អង្គការ WWF គេបានប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ តាមរបាយដដែលនេះ អន្ទាក់ទាំងនេះជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា៖ សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន, មន្ទីរបរិស្ថានខេត្តប៉ៃលិន និងមន្ទីរបរិស្ថាខេត្តបាត់ដំបង, អង្គការអភិរក្សដៃគូរួមមាន មូលនិធិម៉ាដុកជូលីភីត MJP, WWF, WA, FFI, ACCB, WEA, NatureLife ដៃគូអភិវឌ្ឍន៍ និងតំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនមីជាតិ។