(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សព្វផ្សាយសភាពការណ៍ថ្មីជូនដល់និស្សិតនាយទាហាន/យោធាចារ្យសរុបប្រមាណ៨០០នាក់ នៅសាកលវិទ្យាល័យការពារជាតិ ពិសេសពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានលម្អិតអំពីប្រវត្តិសាស្ត្រនៃដំណើរឈានឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាពពេញលេញ។
នាយឧត្តមសេនីយ៍ ជា តារា បានអំពាវនាវដល់និស្សិតនាយទាហាន យោធាចារ្យនៅសាកលវិទ្យាល័យការពារជាតិ សូមទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀង១៨ ដើម្បីគាំទ្រសម្ដេចតេជោបន្តធ្វើជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលផុសចេញពីឆន្ទៈពិតៗរបស់ប្រជាជន គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតជារៀងរហូត ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ បម្រើជាតិនិងប្រជាជន»។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានបញ្ជាក់ថា គោលដៅជាយុទ្ធសាស្ត្រសំខាន់២របស់សាកលវិទ្យាល័យការពារជាតិគឺ៖
*ទី១៖ សាកលវិទ្យាល័យការពារជាតិជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។
*ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សននយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន៖
*បណ្តុះបណ្តាលឲ្យក្លាយជាកងទ័ពម្នាក់ៗមានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិមាតុភូមិ ចូលរួមថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តពណ៌ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។
*បណ្តុះបណ្តាលឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី។
ក្រៅពីនេះ សាកលវិទ្យាល័យការពារជាតិក៏ផ្ដល់ការអប់រំណែនាំនាយទាហានវ័យក្មេង (ជំនាន់ទី២) អំពីបទពិសោធន៍យុទ្ធសាស្ត្រ សិល្បៈសង្គ្រាម ដើម្បីការពារជាតិ ការពារទឹកដីនៃមាតុភូមិ ពិសេសការពារថែរក្សាសុខសន្តិភាព ការពាររាជរដ្ឋាភិបាលប្រសូត្រពីការបោះឆ្នោត គឺសម្តេចតេជោជានាយករដ្ឋមន្ត្រី និងគាំទ្រការពារគោរពស្មោះត្រង់ដាច់ខាតលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ពោលគឺបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំបញ្ជាសមមូលទៅនឹងសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិនៃសម័យវិទ្យាសាស្ត្រទំនើប៕